ភ្នំពេញ ៖ ក្រោយពេលដែលក្រសួងសុខាភិបាលប្រកាសថា នៅប្រទេសកម្ពុជាមានករណីឆ្លងមេរោគជំងឺរលាកសួតថ្មី កូរ៉ូណា (coronavirus) កើតឡើង ១ករណីលើជនជាតិចិន នៅក្រុងព្រះសីហនុ នៅព្រឹក ថ្ងៃ អង្គារ ៤ កើត ខែ បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សាលាប៊ែលធីអន្តរជាតិ បានចែកម៉ាស់សុវត្ថិភាពចំនួន ៦ម៉ឺនម៉ាស់ ដល់សិស្សទាំង ២០សាខារបស់ខ្លួន ។
យោងតាម Facebook សាលាប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ម៉ាស់សុវត្ថិភាពចំនួន ៦ម៉ឺនម៉ាស់ បានរៀបចំរួចរាល់ហើយ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្រាប់ចែក ជូនដល់សិស្សានុសិស្ស និងបុគ្គលិក នៃសាលាប៊ែលធី អន្តរជាតិទាំង ២០សាខា ដើម្បីបង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)។
ទន្ទឹមនោះសាលាប៊ែលធី អន្តរជាតិ ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ចូលរួមពាក់ម៉ាស់សុវត្ថិភាពទាំងអស់គ្នា ដើម្បីជួយទប់ស្កាត់ ការឆ្លងមេរោគកូរ៉ូណាថ្មី (2019-nCoV) នៅកម្ពុជា ៕ ស រស្មី