ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចិនបញ្ជូននិស្សិតកម្ពុជាត្រឡប់មកវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ការពារជំងឺឆ្លង វីរុសកូរ៉ូណា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ និស្សិតកម្ពុជាចំនួន៣០នាក់ ត្រូវបានអាជ្ញាធរចិន អនុញ្ញាតឲ្យវិលត្រលប់មកប្រទេសកម្ពុជាវិញ ការពារជំងឺឆ្លង វីរុសកូរ៉ូណា កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកម្ពុជា-ថៃ ។

នៅក្នុងការវិលត្រឡប់របស់និស្សិតខ្មែរនោះ គេឃើញមានអាជ្ញាធរខេត្តរួមទាំងមន្ត្រីសមត្ថកិច្ចនៅច្រកទ្វារព្រំដែនខាងលើជាច្រើនអ្នករង់ចាំទទួល និងចែកម៉ាស់ដល់ភ្ញៀវជាតិ អន្តរជាតិដែលធ្វើដំណើរចេញចូលផងដែរ ។

លោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រីបានឲ្យដឹងថា៖ ក្រុមនិស្សិតដែលអាជ្ញាធរចិនបញ្ជូនមកប្រទេសកម្ពុជាវិញនេះ វគ្គទីមួយមានចំនួន៤១នាក់ ដោយមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួន៣០នាក់ ស្រី៥នាក់ និងមួយចំនួនទៀតមកតាមជើងយន្តហោះនៅរាជធានីភ្នំពេញ ។

សម្រាប់និស្សិតខេត្តឆ្ងាយដូចជាព្រៃវែង បាត់ដំបង ក៏បានរៀបចំឡានដឹកជញ្ជូនទៅបន្តទៀត ។

លោកបញ្ជាក់ថា៖ ក្រុមនិស្សិតទាំងអស់នេះ គឺជានិស្សិតជាប់អាហារូបករណ៍របស់លោក ស សុខា ដែលអាជ្ញាធរចិនបញ្ជូនមកប្រទេសកម្ពុជាវិញសិននេះ ដោយសារតែខ្លាចឆ្លងជំងឺវីរុសកូរ៉ូណា រលាកផ្លូវដង្ហើមថ្មីនេះ ដែលពួកគេរស់នៅតាមបណ្តាលខេត្តផ្សេងៗគ្នា ។

លោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹង៖ បើយោងតាមការស្គែនដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុមនិស្សិតទាំងនេះ ពុំមាននរណាម្នាក់ មានផ្ទុកជំងឺកូរ៉ូណានេះឡើយ ។ បើសិនជាមានករណីនិស្សិត ឬប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិណាមានផ្ទុកនោះ ក្រុមការងារនឹងធ្វើការឃាត់ទុកអ្នកដែលមានផ្ទុកនោះ មួយឡែក ស្ថិតនៅក្នុងការតាមដានរបស់ពេទ្យ ។

តាមប្រភពមន្ត្រីអន្តោរប្រវេសន៍ប្រចាំការនៅមាត់ច្រកនេះបានឲ្យដឹងថា៖ ក្រុមនិស្សិតទាំងនេះ ត្រូវបានពិនិត្យ និងស្គែនយ៉ាងហ្មត់ចត់ ហើយអាជ្ញាធរបានរៀបចំរថយន្តក្រុងដើម្បី ជូនទៅកាន់ផ្ទះស្រុកកំណើត និងស្ថិតនៅក្នុងការតាមដាន ក្នុងរយៈពេល១៤ថ្ងៃ ៕ វណ្ណា


ចែករំលែក៖