ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកមនុស្សស្លាប់៣នាក់ នៅស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចថា ជនរងគ្រោះទី១មានឈ្មោះអុំ សូរិយា ភេទប្រុស អាយុ១៧ឆ្នាំ អ្នកបើកបរម៉ូតូ ស្លាប់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងអ្នករួមដំណើរ២នាក់ ឈ្មោះ សា រុប ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក និងម្នាក់ទៀតឈ្មោះ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា តាមការឲ្យដឹងពីនគរបាលមូលដ្ឋាន នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ម៉ាសដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE2.6796 បើកបរក្នុងទិសដៅពីកើតទៅលិច ស្របពេលនោះ មានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1O.0838 បានបើកបរក្នុងទិសដៅពីលិចទៅកើតច្រាសទិសគ្នា ដល់ចំណុចកើតហេតុ បានឡើងជែងរថយន្តមួយគ្រឿងក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ត្រូវរថយន្តម៉ាសដាបុកចំពីមុខ បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរខ្ទាតដេកស្លាប់រណេករណូលពេញផ្លូវ ម៉ូតូ និងរថយន្តខាតផ្នែកខាងធ្ងន់ ។ ចំណែកអ្នកបើកបររថយន្តក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ វណ្ណា


ចែករំលែក៖