ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណឲ្យពលរដ្ឋបញ្ឈប់ការចូលទៅរុករករ៉ែមាស ក្នុងគំនរថ្មធ្វើឡើងក្នុងឱកាសជួបជាមួយពលរដ្ឋក្នុងតំបន់រុករកកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងចំណុចជើងភ្នំដូងព្រះ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពថា ភ្នំដូងព្រះ គីជាការដ្ឋានកាយដីមួយកន្លែងរបស់ក្រុមហ៊ុន តាន់ គឹមហួត ដែលអាជ្ញាធរខេត្តបានអនុញ្ញាតឲ្យកាយពង្រាបដើម្បីរៀបចំធ្វើស្តាតជាលើកដំបូងដែលគ្រោងចំណាយទឹកប្រាក់អស់រាប់រយលានលើផ្ទៃដីប្រមាណជាង៧ហិកតា ។ ដោយបានការអនុញ្ញាតនេះក្រុមហ៊ុនបានធ្វើការកាយពង្រាបផង កាយលក់ផង និងបន្តកាយឆ្វែលជើងភ្នំដើម្បីយកអាចម៌ដីលក់ ។ ដោយមូលហេតុនៃកាយនេះហើយបានធ្វើឲ្យចំណែកភ្នំផ្នែកខាងលិចបានប្រេះបាក់ ។ ផ្ទាំងថ្មធំៗបានរមាលធ្លាក់ពីកំពូលភ្នំបណ្តាលឲ្យពលរដ្ឋគ្រួសារជនពិការរស់នៅក្បែរនោះមានការភិតភ័យយ៉ាងខ្លាំង ។ ពលរដ្ឋក្បែរនោះទាំងក្មេង ទាំងចាស់ពុំដែលហ៊ានដើរទៅក្បែរទីនោះទេ ខណៈនៅលើកំពូលភ្នំ នៅមានផ្ទាំងថ្មជាច្រើនទៀត ដែលប្រេះបែក ហើយនឹងអាចបាក់ធ្លាក់ក្នុងពេលមិនកំណត់ណាមួយជាថាហេតុ ។
តែក្រោយមកបន្ទាប់ពីមានក្មេងចូលទៅលេងក្បែរគំនរបាក់បែកបានប្រទះឃើញ និងរើសបានដុំរ៉ែមាសលក់បានលុយ ក៏មានការភ្ញាក់ផ្អើល ក្មេងចាស់ប្រុសស្រីប្រមាណពី២០ទៅ៣០នាក់សម្រុកចូលទៅរុករកដុំរ៉ែមាសដើម្បីយកលក់ ដោយមានឈ្មួញឈរង់ចាំទិញក្នុងមួយគីឡូក្រាម៥ម៉ឺនរៀល ។ ក្នុងមួយថ្ងៃក្នុងម្នាក់អាចរកប្រាក់ចំណូលបានយ៉ាងហោចណាស់ពី៥ទៅ១០ម៉ឺនរៀល ។
លោក អភិបាលក្រុងសិរីសោភ័ណហ៊ឹល រ៉ាយ៉ា បានប្រាប់ថា៖ក្រោយពេលដែលទទួលព័ត៌មានបានដឹងមានប្រជាពលរដ្ឋនាំគ្នាទៅរករ៉ែមាសនៅការដ្ឋានកាយដីភ្នំដែលគ្រោងកសាងពហុកីឡាដ្ឋានខេត្តបន្ទាយមានជ័យ ដែលប្រឈម និងព្រួយបារម្ភខ្លាចភ្នំបាក់សង្កត់ ទើបអាជ្ញាធរ និងសមត្ថកិច្ចបានចុះហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលទៅរក ។
លោកបានបញ្ជាក់ថា ការហាមឃាត់ពលរដ្ឋមិនឲ្យទៅរករ៉ែមាសនោះ គឺមិនមែនហាមឃាត់ទុកសម្រាប់អាជ្ញាធរនោះទេ ដោយអាជ្ញាធរជំនាញបានឡើងលើខ្នងភ្នំចំណុចដែលកាយឃើញភ្នំផ្នែកខាងលើមានការប្រេះ ស្រាំជាការព្រួយបារម្ភ ដែលប្រជាពលរដ្ឋមិនគួរនាំគ្នាប្រថុយប្រថាន នឹងគ្រោះថ្នាក់នេះឡើយ ៕ វណ្ណា