ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យប្រពន្ធលួចមានប្រុសថ្មីបុរសជាប្តីរត់ទៅចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងបន្ទប់ ផ្ទះជួលមួយកន្លែង តែមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋជួយទាន់បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធបន្តិចបន្តួច ដោយប្រចណ្ឌ័ និងសង្ស័យថា ប្រពន្ធមានប្រុសថ្មី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង១០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ នៅចំណុចផ្ទះជួលមួយកន្លែងបន្ទប់លេខ៥៥ ជាន់ទី ២ តាមបណ្ដោយផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះប្តីមានឈ្មោះ ប៉ាល់ ថៃ ភេទប្រុស អាយុជាង ២០ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិក្រាំងរំដេង ស្រុកឈូក ខេត្តកំពត មានប្រពន្ធឈ្មោះ អា នី មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា ។

តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលមើលការខុសត្រូវនៅផ្ទះជួលកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ឃើញប្ដីប្រពន្ធ ២នាក់បានឈ្លោះប្រកែកគ្នាបន្តិចបន្តួច បន្ទាប់មកបុរសជាប្ដីបានស្រែកទៅប្រពន្ធរបស់ខ្លួនថា នាងឯងទៅតាមប្រុសថ្មីទៅ ដោយសង្ស័យប្ដីប្រច័ណ្ឌប្រពន្ធរួចក៏បានស្ងាត់ស្ងៀមទៅវិញបន្ទាប់មកក៏នាំគ្នាឡើងទៅបន្ទប់របស់ខ្លួនវិញបាត់អស់ ។

ប្រភពដដែលបានបន្តទៀតថា ចំណែកប្រពន្ធមិនបានចូលទៅបន្ទប់របស់ខ្លួនទេ បានទៅអង្គុយលេងនៅបន្ទប់មួយមិត្តភក្តិនៅក្បែរបន្ទប់ស្នាក់នៅរបស់ខ្លួន ចំណែកប្ដីនៅក្នុងបន្ទប់ម្នាក់ឯង ស្រាប់តែមួយសន្ទុះក្រោយមកដល់ម៉ោងកើតហេតុខាងលើប្រពន្ធបានដើរចេញពីបន្ទប់មិត្តភក្តិទៅបន្ទប់របស់ខ្លួនវិញ ដោយបម្រុងបើកទ្វារចូលស្រាប់តែទ្វារបន្ទប់ត្រូវបានចាក់សោរជាប់ដោយមានការសង្ស័យបានហៅមិត្តភក្តិអ្នកនៅបន្ទប់ក្បែរគ្នាឲ្យនាំគ្នាជួយគាស់ទ្វារបន្ទប់រួចចូលទៅមើលស្រាប់តែបុរសជាប្ដីបានយកខ្សែភ្លើងចងកភ្ជាប់ និងជាមួយដែកបាត់ទៅហើយធ្វើឲ្យផ្អើលឆោឡោដល់បងប្អូនដែលស្នាក់នៅបន្ទប់ក្បែរគ្នាចូលទៅកាត់ខ្សែភ្លើងដើម្បីដាក់ជនរងគ្រោះមកក្រោមរួចជួយសង្គ្រោះបឋមដោយឃើញជនរងគ្រោះនៅមានដង្ហើម បាននាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ ។

បន្ទាប់មកសមត្ថកិច្ចក៏បានចុះមកកន្លែងកើតហេតុដោយពិនិត្យឃើញជនរងគ្រោះនៅមានជីវិតបានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ៕ សុខាសែនជ័យ


ចែករំលែក៖