ខេត្តសៀមរាប៖ បុរសជនជាតិអាម៉េរិកម្នាក់ក្រោយពីផឹកស៊ីស្រវឹង ទៅដកលុយពីទូATM មិនបានក្តៅចិត្តពេក បានវាយទូ ATMជាច្រើនដៃ បណ្តាលឲ្យខូចខាតមួយទូ ហើយត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចុះទៅឃាត់ខ្លួនយកទៅសួរនាំភ្លាមៗ ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣ រំលងអធ្រាត្រឈានចូលថ្ងៃ ពុធ ៥ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅកន្លែងដាក់ទូATM (ធនាគារ កាថេ) ត្រង់ចំណុចផ្សារកណ្តាល ស្ថិតភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បណ្តាលឲ្យខូចខាតចំនួន០១ទូ (វាយដោយដៃ) ។
មណ្រ្តីនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនបង្កឈ្មោះ Andres Pino ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអាម៉េរិក ជាភ្ញៀវទេសចរណ៍ ។ បុរសជនជាតិអាម៉េរិករូបនេះមានសភាពស្រវឹងជោកជាំ ហើយនៅម៉ោងកើតហេតុខាងលើ បានទៅដកប្រាក់ចេញពីទូATM (ធនាគារ កាថេ) មិនចេញ ទើបប្រើហិង្សាយកដៃវាយទូATM ដើម្បីស្រាយកំហឹង ។
បច្ចុប្បន្ន ជនបរទេសរូបនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងរង់ចាំសាកសួរចម្លើយជាបន្តទៀត ក្រោយពីជនបរទេសស្វាងស្រាហើយនោះ ៕ ប្រាថ្នា