ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនយុវជនសង្ស័យជាសិស្សសាលាម្នាក់ រួមជាមួយនឹងកាំភ្លើងកែច្នៃមួយដើម ខណៈដែលជនសង្ស័យរូបនេះ បានឆាតតាមទូរស័ព្ទជាមួយជនរងគ្រោះ ណាត់ជួបគ្នា នៅកន្លែងបិទតែមម៉ូតូ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ហើយបាននិយាយឌឺដងដាក់គ្នា បន្ទាប់មក ក៏ណាត់ ជួបគ្នា នៅក្នុងបរិវេណវត្តពោធិ៍ថ្មី (ហៅវត្តបាវិត) ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥និង៤៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីជនរងគ្រោះឈ្មោះ រ៉េត ចាន់លី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិតាពៅ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរាយការណ៍មកសមត្ថកិច្ចថា មានឈ្មោះ សាន់ ខួច ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅផ្ទះលេខ២៤ ផ្លូវ០១ ភូមិទី០១ សង្កាត់ជ្រៃកោង ខណ្ឌមានជ័យ រាជធានីភ្នំពេញ (បុរីផុនស៊ុយ ចោមចៅ) បានឆាតតាមទូរស័ព្ទ ណាត់ជួបគ្នា នៅកន្លែងបិទតែមម៉ូតូ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ហើយបាននិយាយឌឺដងដាក់គ្នា បន្ទាប់មកក៏ណាត់ ជួបគ្នា នៅក្នុងបរិវេណវត្តពោធិ៍ថ្មី(ហៅវត្តបាវិត) ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ពេលនោះ សមត្ថកិច្ច បានចុះទៅបង្ក្រាបរួច នាំខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាល បាវិត ដើម្បីសាកសួរ នៅចំពោះមុខ ។
ប្រភពដដែលបានបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កាំភ្លើងឡុក កែច្នៃបាញ់គ្រាប់កង់ ខ្លួនបានទិញមកពីខេត្តសៀមរាប ក្នុងតម្លៃ១.០០០.០០០ រៀល ។
ក្រោយពីបានចម្លើយសារភាពរួច សមត្ថកិច្ចបានរាយការណ៍ជូនលោក ឧត្តមសេនីយ៍ទោស្នងការដើម្បី ឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ យឹម សុថាន