ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្ក្រាបជនសង្សយ័ឆក់កាបូប ឃាត់ខ្លួន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលបង្ក្រាបជនសង្សយ័ឆក់កាបូប ឃាត់ខ្លួនបានចំនួន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយជនសង្សយ័ធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីម្នាក់ឈ្មោះ វង្ស ស្រីនុច ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នរស់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្ត ព្រះសីហនុ កាលពីម៉ោងជិត១០កន្លះយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនសង្ស័យចំនួន២ នាក់ ដែលនគរបាលចាប់ខ្លួន ១-ឈ្មោះ ហ៊ួត សុភឿន ហៅបឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រោយរោងចក្រយូសុីនក្រុមទី១ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ជាអ្នកជិះពីក្រោយឆក់យកកាបូប ។ ២-ឈ្មោះ សុភាព វ៉ាន់ជីង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូ ។

របាយការណ៍នគរបាលដកស្រង់ចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបបាន បានប្រគល់កាបូបនោះទៅឲ្យឈ្មោះទី ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជាអ្នកទុក និងឈ្មោះ ណាល់ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ អ្នកទាំងពីរមានផ្ទះនៅរាជធានីភ្នំពេញ ជិះម៉ូតូម៉ាក HONDAC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ កាំបន្ទះពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ (មិនចាំលេខ) ។

វត្តុតាងចាប់យកបាន៖ ម៉ូតូម៉ាក NEX ពណ៌ខៀវ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1ID.0948 ជាមធ្យោបាយជិះធ្វើសកម្មភាព ។ ទូរស័ព្ទដៃម៉ាក IPHON7 ពណ៌ទឹកដោះគោ (ផលនៃអំពើចោរកម្ម ) ។

ជនសង្ស័យខាងលើ និងវត្ថុតាងកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី និងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យ២នាក់ទៀតដែលកំពុងគេចខ្លួន ៕ ឆ្លាម សមុទ្រ


ចែករំលែក៖