ព័ត៌មានទាន់ហេតុការណ៍៖

ជនស៊ីវិលមួយក្រុមមានគ្នាប្រមាណជិត១០នាក់ ចុះចាប់បុរសម្នាក់ញាត់ចូលក្នុងរថយន្ត ផ្អើលម្ចាស់ផ្ទះជួលប្តឹងសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសមួយក្រុមស្លៀកពាក់ស៊ីវិល បានឃាត់ខ្លួនបុរសម្នាក់ក្នុងផ្ទះជួល ភ្លាមនោះម្ចាស់ផ្ទះចូលទៅសួរនាំក៏ត្រូវបុរសទាំងនោះដកកាំភ្លើងគំរាមភ្ជង់ឲ្យអង្គុយចុះ ទើបម្ចាស់ផ្ទះទូរស័ព្ទប្តឹងនគរបាលមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ទើបដឹងថាជាករណីបង្ក្រាបគ្រឿងញៀន ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង ២០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួលបុរីសែនមនោរម្យ ស្ថិតភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីម្ចាស់ផ្ទះជួល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានជនស៊ីវិលមួយក្រុមមានគ្នាចំនួនជិត១០នាក់ ជិះម៉ូតូប្រមាណ៦គ្រឿង រួមទាំងរថយន្តកាមរីមួយគ្រឿង សុទ្ធតែពាក់មួកសុវត្ថិភាពបានមកចាប់ មនុស្សម្នាក់នៅក្នុងផ្ទះជួលឈ្មោះ តារា ភារៈ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរផ្នែកទីផ្សារ ខណៈនោះគាត់បានសួរនាំតែត្រូវបក្ខពួកជនស៊ីវិលខាងលើ យកកាំភ្លើងមកគំរាមឲ្យគាត់អង្គុយចុះ ហើយដេញចាប់អ្នករស់នៅផ្ទះជួលពេញផ្ទះ ដាក់រថយន្តគេចបាត់ទៅ ។ ភ្លាមៗនោះម្ចាស់ផ្ទះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់កន្ទោក ប៉ុន្តែសមត្ថកិច្ចប៉ុស្តិ៍បានប្រាប់ថា បក្ខពួកខាងលើនេះ ជាកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបានសុំអនុញ្ញាតពីលោកអធិការខណ្ឌកំបូលហើយ ដោយបុរសដែលឃាត់ខ្លួននោះ មានសារធាតុញៀននៅក្នុងខ្លួន ។

ក្រោយកើតហេតុ ដឹងថាជាករណីបង្ក្រាបគ្រឿងញៀនមកម្ចាស់ផ្ទះមិនបានដាក់ពាក្យបណ្ដឹងនោះទេ រួចក៏ត្រឡប់មកផ្ទះវិញ ៕សុខា សែនជ័យ


ចែករំលែក៖