ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺកូរ៉ូណានៅថៃ ៖ ចាប់ដាក់គុក​២នាក់ ផ្សាយព័ត៌មានក្លែងក្លាយ

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលថៃ​មួយរូប​បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​​កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ថា មនុស្ស​ប្រុស ស្រី២នាក់​ត្រូវចោទប្រកាន់ពីបទផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ ​ទាក់ទង​ការរាតត្បាតជំងឺ​កូរ៉ូណាវីរុស ក្នុងនោះ​ពួកគេ​ត្រូវប្រឈមជាប់ពន្ធនាគារ​ម្នាក់​យ៉ាងតិច​៥ឆ្នាំ ។

ជំងឺ​រលាកសួតថ្មី កូរ៉ូណាវីរុស​ ផ្ទុះឡើង​នៅ​ទីក្រុងវូហាន ខេត្ត Hubei ភាគកណ្តាល​របស់ប្រទេសចិន ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ហើយបានឆ្លងរាលដាលយ៉ាងខ្លាំង​នៅក្នុងតំបន់​ និងពាសពេញជុំវិញពិភពលោក ក្នុងនោះប្រទេសថៃ ក៏មានឆ្លងករណីវីរុសនេះផងដែរ ។

រហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កូរ៉ូណាវីរុស​ឆ្លងនៅក្នុងប្រទេសចិន កើនឡើង ៩ ៨១៧នាក់ និងសម្លាប់​មនុស្សអស់២១៤នាក់ ។ ប្រទេសចំនួន២៣ ជុំវិញពិភពលោក បានឆ្លងជំងឺនេះដែរ ប៉ុន្តែស្ថិតក្នុងករណីតិចតួច​ប៉ុណ្ណោះ ។ អង្គការសុខភាពពិភពលោកនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានប្រកាស​ថា ជំងឺនេះ​ជាភាពអាសន្ន​របស់សាធារណៈ និងជាកង្វល់ព្រួយបារម្ភរបស់ពិពភពលោក ។ អង្គការនេះនៅមិនទាន់ផ្តល់អនុសាសន៍​រិតបន្តឹង​ការធ្វើដំណើរ​ ឬ​ការធ្វើពាណិជ្ជកម្ម​អ្វីនៅឡើយទេ ។

លោក Buddhipongse Punnakanta រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមប្រទេសថៃ បានប្រាប់ AFP ថា បុរស និងស្ត្រី២នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភលើបទឧក្រិដ្ឋរបស់ប្រទេសថៃ ដោយបង្ហោះលើបណ្តាញសង្គមអំពីមេរោគកូរ៉ូណា​នេះ កើតមាននៅក្នុងទីក្រុងឆ្នេរសមុទ្ររបស់ប្រទេសថៃ ដែលជាព័ត៌មានមិនពិត ។ ជនទាំងនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៥ ឆ្នាំ ។

លោក Buddhipongse Punnakanta បានបញ្ជាក់ថា“ពួកគេបានសារភាពរួចហើយថា ពួកគេពិតជាបានបង្កើតព័ត៌មានក្លែងក្លាយនេះប្រាកដមែន” ។ លោកថា ជនសង្ស័យបន្ថែមទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត​របស់ជំនាញ ជុំវិញ​កណីនេះ ។

គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានថៃ​អះអាងថា ប្រទេសនេះ​បានឆ្លងជំងឺ​កូរ៉ូណា​១៤ករណី​ ក្លាយជាប្រទេស​ច្រើនជាងគេបំផុត​បន្ទាប់ពីប្រទេសចិន​ដែលឆ្លងវីរូសកូរ៉ូណា​ ៕


ចែករំលែក៖