ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស ដែលពិធីបិទសន្និបាតនេះ បានធ្វើឡើងវិមានសន្តិភាព។

តាមរបាយការណ៍របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៧៤ នៅលើពិភពលោក ហើយមានស្ថានតំណាងប្រចាំបរទេសចំនួន៦៣។ តាមរយៈទិសស្លោក «កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅ ឈរលើស្មារតីឯករាជ្យជាតិ» ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញ ពិតជាសមស្របបំផុតទៅនឹងការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអង្គសនិ្នបាតរបស់ក្រសួងការបរទេស ជាពិសេសចំពោះសមិទ្ធផលជាច្រើនដែលក្រសួងបានខិតខំប្រឹងប្រែងទទួលបានជោគជ័យកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញពីកិច្ចការសំខាន់ៗនៃទំនាក់ទំនងការបរទេសរបស់កម្ពុជាជាមួយបណ្តាប្រទេសលើពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា នយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស គឺជាដៃទំាងពីរនៃខ្លួនប្រាណតែមួយ ដែលត្រូវការគ្នាទៅវិញទៅមក ជួយគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ការកំណត់នយោបាយក្រៅប្រទេស គឺជាកិច្ចការរកលំនឹងដ៏លំបាករវាងការបំពេញកាតព្វកិច្ច ការទទួលខុសត្រូវជាអន្តរជាតិ និងការការពារផលប្រយោជន៍ជាតិខ្លួនឯង។ អតីតកាលជូរចត់របស់កម្ពុជាតម្រូវឱ្យប្រទេសយើងកំណត់យក សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាអាទិភាពចំបងបំផុត។

នៅក្នុងឱកាសនោះ សម្តេចតេជោបន្តថា ពាក្យស្លោក ”អរគុណសន្តិភាព” ដែលសម្តេចបានបំផុសកន្លងទៅនេះ ដែលត្រូវបានទទួលស្វាគមន៍ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ និងក្លាយទៅជាចលនាដ៏ធំមួយនៅទូទាំងប្រទេស។ កម្ពុជានឹងបន្តរក្សាយ៉ាងម៉ុតមាំនូវឯករាជ្យភាពនៅរាល់សេចក្តីសម្រេចរបស់យើងលើបន្ទាត់នយោបាយ ក្នុងនិងក្រៅប្រទេស ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុងវិស័យសន្តិសុខ និងការពារជាតិ ដោយគោរពនូវគោលនយោបាយ អព្យាក្រឹត្យភាពអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង។ កម្ពុជានឹងខិតខំបន្តពង្រឹងចំណងមិត្តភាព សហប្រតិបត្តិការ ទំនាក់ទនង និងភាពជាដៃគូល្អប្រសើរដែលមានស្រាប់ជាមួយប្រទេសជាមិត្តនានា ស្តារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែងរកកសាងទំនាក់ទំនងល្អជាមួយមិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើតនិងកណ្តាល នៅអាស៊ីកណ្តាល នៅអាហ្រ្វិក មជ្ឍឹមបូព៌ា និងអាមេរិកឡាទីន។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចតេជោ មិនដែលធ្វើសេចក្តីសម្រេចណាដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ សម្តេចតេជោមិនធ្វើអ្វីដែលនឹងនាំឱ្យខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះឡើយ។

កម្ពុជានឹងរួមចំណែកកាន់តែសំខាន់ថែមទៀតក្នុងការកសាងសហគមន៍ អាស៊ានដោយសំដៅ បំរើប្រជាពលរដ្ឋ និងយកប្រជាពលរដ្ឋជាស្នូល រក្សានិងពង្រឹងឯកភាពនិងមជ្ឈភាពរបស់អាស៊ាន ហើយតាមរយៈអាស៊ានជំរុញនិងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅដើម្បីការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ច។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួង មន្ត្រីការទូតយើងទាំងអស់បន្តប្រឹងប្រែងបង្កើនចំណេះដឹង លើកកម្ពស់សមត្ថភាពវិភាគស្រាវជ្រាវព័ត៌មាន ពិសេស ពាក់ព័ន្ធនឹងភូមិសាស្ត្រ-នយោបាយ ភូមិសាស្ត្រ-យុទ្ធសាស្ត្រ និងភូមិសាស្ត្រ-សេដ្ឋកិច្ច។ ជាមួយគ្នានោះ សម្តេចតេជោក៏បានអរគុណប្រទេសជាមិត្តនានាដែលបានផ្តល់ជំនួយនិងកិច្ចសហប្រតិបត្តិការល្អក្នុងការជួយអភិវឌ្ឍធនធានមនុស្សតាមរយៈអាហារូបករណ៍ ទស្សនកិច្ចសិក្សា ការផ្លាស់ប្តូរបទពិសោសន៍ ការរៀបចំវគ្គបណ្តុះបណ្តាល ក៏ដូចជាការផ្តល់បាឋកថា ចែករំលែកចំណេះដឹង និងទស្សនទាននានា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា កិច្ចប្រជុំកំពូល ASEM លើកទី១៣ខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនិងការទូតធំបំផុតសម្រាប់កម្ពុជាយើង។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏ប្រសើរបំផុតសម្រាប់កម្ពុជាបញ្ជាក់ក្នុងកំរិតខ្ពស់បំផុតនូវការបេ្តជ្ញារបស់ខ្លួនចំពោះការពង្រឹងប្រព័ន្ធពហុភាគីនិយម ការចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់ពិភពលោកក្នុងការដោះស្រាយការប្រឈមជាសកល និង ការចូលរួមស្វែងរកកាលានុវត្តភាពក្នុងការធ្វើឱ្យប្រសើរនូវសេដ្ឋកិច្ចពិភពលោក។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដែលនឹងប្រមូលផ្តុំមេដឹកនាំមកពី ៥១ប្រទេស និងប្រធានស្ថាប័នតំបន់២ ព្រមជាមួយការចាត់តាំងរៀបចំព្រឹត្តិការណ៍ចំនួន៧ទៀតនោះ គឺទាមទារកិច្ចប្រឹងប្រែងថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាភស្តុភារ ហរិញ្ញវត្ថុ បច្ចេកទេស ទីតាំង ពិធីការ និងការធានាសន្តិសុខខ្ពស់បំផុត។ កម្ពុជាប្តេជ្ញានឹងសម្រេចកិច្ចការនេះប្រកបដោយកិត្តិយស និងជោគជ័យ។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសជាផ្លូវការនូវការទទួលធ្វើជាម្ជាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ៕


ចែករំលែក៖