ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រារព្ធពិធី«អភិសេក ព្រះអង្គព្រះវិស្ណុ» និងជាថ្ងៃខួបគម្រប់ ១១ឆ្នាំ ដំណើរការចេញផ្សាយមជ្ឈមណ្ឌលព័ត៍មាន«នគរវត្ត» រួមមាន៖ កាសែត, ទស្សនាវដ្តី,គេហទំព័រ«នគរវត្ត» ,គេហទំព័រ«នគរដ្រេហ្គន»,រោងពុម្ពព្រះនារាយណ៍ នៃក្រុមហ៊ុន(ព្រះវិស្ណុ) អឹមផិច ខូអិលធីឌី។
ពិធីនេះបានធ្វើឡើងនៅទីតាំងមជ្ឈមណ្ឌល ព័ត៌មាន«នគរវត្ត» ស្ថិតនៅអគារលេខ១១១ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» បុគ្គលិក សហការី និងភ្ញៀវ កិត្តយស ញាតិមិត្ត ឧបាសក ឧបាសិកា ក្រុមភ្លេងវិចិត្រសិល្បៈ ក្រុមរបាំប្រពៃណី ចំនួន៥វង់។
សូមបញ្ជាក់ថា បន្ទាប់ពីរៀបចំពិធី «អភិសេក ព្រះវិស្ណុ»រួចនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺកម្មវិធីបន្តនៅ វេលាម៉ោង៥ល្ងាចថ្ងៃខែឆ្នាំដដែល នឹង ជួបជុំថ្នាក់ដឹកនាំបុគ្គលិក សហការី ភ្ញៀវ កិត្តិយសដើម្បីធ្វើពិធីជប់លៀងទទួល ភោជនាឮអហារជាមួយការប្រគំតន្រ្តីច្រៀងរាំសប្បាយ និងមានការផ្តល់រង្វាន់ជាថវិកា លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក នៃមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ដែលមានស្នាដៃបានបំពេញការងារជូន អង្គភាព ប្រកបដោយស្មារតីទទួលខុសត្រូវមានក្រមសីលធម៌ និងវិជ្ជាជីវៈ។
ថ្នាក់ដឹកនាំមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ក៏សូមថ្លែងអំណរគុណ ចំពោះបុគ្គលិក ជំនាញគ្រប់ផ្នែកបុគ្គលិក្តា ទាំង២៥រាជធានីខេត្តដែលជានិច្ចកាលតែងតែបានរួមចិត្ត រួមគំនិត ប្រាជ្ញា ស្មារតី ធ្វើការជូនអង្គភាពជាមួយគ្នាអស់រយៈពេល១១ឆ្នាំមកដល់ថ្ងៃនេះប្រកបដោយជោគជ័យនិងសក្តានុពល លើវិស័យផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរ ជាតិទាន់ហេតុការណ៍(មានព័ត៌មានសេដ្ឋកិច្ច,នយោបាយ,សង្គម,វប្បធម៌,កីឡា, សិល្បៈ,បច្ចេកវិទ្យា,អចលនទ្រព្យ,។ល។..) ឈានមុខនៅកម្ពុជា និងប្រកបដោយសីលធម៌វិជ្ជាជីវៈ។ពិសេសសូមអរគុណចំពោះ ក្រុមហ៊ុនឯកជនក្រសួងស្ថាប័នរដ្ឋជាដៃគូ ផ្សព្វផ្សាយពាណិជ្ជកម្មដោយក្តីទំនុកចិត្តជាមួយគ្នាខ្ពស់បំផុត៕ សុខ ខេមរា