ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់បន្ទប់ជួលចាក់សោទុកចោលចេញទៅធ្វើការត្រូវអគ្គិភ័យឆាបឆេះម៉ត់

ចែករំលែក៖

ភ្នំពេញ៖ បន្ទប់ជួល មួយកន្លែងត្រូវបានអគ្គិភ័យ ឆាបឆេះបណ្តាលអោយរបស់របរក្នុងបន្ទប់ទាំងមូលរងការខូចខាតទាំងស្រុង ពេល ដែលម្ចាស់ចាក់សោទុកចោលចាកចេញទៅធ្វើការបាត់ ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត១រសៀល ថ្ងៃទី០១ ខែកុម្ភះឆ្នាំ ២០២០ នៅចំណុច ផ្ទះលេខ ១១៦H ផ្លូវទន្លេមេគង្គ ភូមិ គៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះដែលត្រូវភ្លើង ឆេះឈ្មោះ ហាក់ សេង ហួតភេទប្រុស អាយុ៦៥ឆ្នាំ  ដែលបាន សាងសង់ជាបន្ទប់ជួល ។ ចំណែកអ្នកជួលផ្ទះ ពុំស្គាល់ឈ្មោះឡើយ ដោយទៅធ្វើការបាត់ ។

ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ ផ្សែងហុយខ្មួលខ្មាញ់ចេញពីបន្ទប់លេខ ៤ ដែលម្ចាស់ចាក់សោរទុកចោលរួចចេញទៅធ្វើការបាត់។ភ្លាមៗនោះ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្បែរខាងនាំគ្នា វាយបំបែកកញ្ចក់បង្អួច និងធាក់ទ្វារចូលបាញ់ពន្លត់ពុំអាចទប់ស្កាត់បានក៏បានហៅរថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុន O C I C ចំនួន៣គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ហើយ ភ្លើង បានរលត់ទៅវិញ ពុំបណ្តាលអោយឆេះរាលដាល់ឡើយ។

បើតាមនគរបាលមានការសង្ស័យ ថា បណ្តាលមកពីម្ចាស់បន្ទប់ជួលដុតធូបសែនថ្ងៃសីលហើយចាក់សោរផ្ទះទុកចោលទៅធ្វើការ ក៏កើតមានអគ្គិភ័យ តែម្តង។ទោះបីជាយ៉ាងណាតាមព័ត៌មានខ្លះទៀតថាបណ្តាលមកពីទុស្សេខ្សែភ្លើង ។

តាមនគរបាលមូលដ្ឋាន បានអោយដឹងថា  សម្ភារះរួមមានពូក និងរបស់របរមួយចំនួន នៅក្នុងបន្ទប់ត្រូវភ្លើង ឆេះរងការខូចខាតទាំងស្រុង ៕ ជ្រោយពេជ្រ


ចែករំលែក៖