ភ្នំពេញ៖ ការកាប់ឈើនិងការដឹកជញ្ជូនឈើដោយខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្តែនៅមានការលួចបន្លំដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំងយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោក រទេះក្របី និង រម៉ក ជាដើម ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២ ខែកុម្ភៈ នេះ ។
អាជ្ញាធរ អះអាងទៀតថា ឆ្នាំ២០១៩ កន្លងទៅ អាជ្ញាធរបានឃាត់ខ្លួននិងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន៥៩នាក់ , ចាប់យកឈើចម្រុះជាង៩ម៉ឺនម៉ែត្រគូប និង ចាប់យកមធ្យោបាយសរុបចំនួន៤៩១គ្រឿង ។
ជាមួយគ្នានេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានបន្តអនុវត្តវិធានការចំនួន៣ចំណុចសំខាន់ៗផងដែរ សម្រាប់បច្ចុប្បន្ននេះ ស្របតាមទិសស្លោក “ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ” ៕ ចេស្តា