ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យដែលជំនាញខាងលួចគោអ្នកស្រុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំងពីរនាក់ ធ្វើសកម្មភាពលួចគោអ្នកស្រុកដាក់លើឡានបម្រុងដឹកយកទៅលក់ ។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យបានឆ្លើយពាក្យថា ពួកខ្លួនពិតជាបានបើកឡានដើរលួចគោអ្នកស្រុកពិតប្រាកដមែន ដែលនេះមិនមែនជាលើកទី១នោះទេ ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីព្រលប់នៅថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨ និង១៥នាទីកម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្ដិ៍រលាំងចក ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះឌី សៀ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះកូយ ហេង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិមហាលំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រុមជនសង្ស័យត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្មលួចគោជាច្រើនក្បាលរបសប្រជាពលរដ្ឋក្នុងនោះមានគោញី ចំនួន០១ក្បាល សម្បុរក្រហម ស្នែងពក របស់ឈ្មោះ ថែម គន្ធា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានបាត់កាលពីវេលាម៉ោង១៥:០០នាទីនាថ្ងៃខែខាងលើ ។
ប្រភពបានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ម្ចាស់គោរួចមកសមត្ថកិច្ចបានកោះហៅជនសង្ស័យឈ្មោះឌីសៀមកសាកសួរ ។
ប្រភពបន្តថា ក្រោយពេលសាកសួរឈ្មោះឌី សៀ បានឆ្លើយសារភាពថា គោខាងលើខ្លួនបានធ្វើសកម្មភាពលួចនៅចំណុចខាងលិចភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពិតប្រាកដមែន ដោយបើករថយន្តដើរលួច ។
ករណីខាងលើ ជំនាញផ្នែកព្រហ្មទណ្ឌស្រុក កំពុងតែសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ចំណែកគោសមត្ថកិច្ចបានទាក់ទងហៅម្ចាស់យកទទួលយកទៅប្រើប្រាស់វិញអស់ហើយនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ៕ សេនាស័ក្តិ