ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាវាយបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាង និងបម្រុងដុតផ្ទះត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវនគរបាលស្រុកអង្គស្នួលចាប់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំវាយបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាង  និងបម្រុងដុតផ្ទះទៀតផង ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨  និង៣០នាទី ស្ថិតក្នុងភូមិចំបក់កោង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៀ ស៊ន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិត រីឯជនរងគ្រោះឈ្មោះ ជា រស្មី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលទូរទស្សន៍ ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិចំបក់កោង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកសម្ភារៈចាប់យកមាន៖ កូនកាំបិតចំនួន៣ (ក្នុងនោះកាំបិតចិតបន្លែ២  និងកាំបិតប៉័ងតោគ្មានដង១  និងម៉ាស៊ីនទូរទស្សន៍បែកចំនួន១។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹង ដោយដៃមានកាន់កាំបិត ហើយស្រែកជេរអ្នកជិតខាង រួចដើរសំដៅមកផ្ទះជនរងគ្រោះ ហើយយកកាំបិតកាប់ទូរតាំង បណ្ដាលឲ្យបែកខ្ទេចខ្ទី ។ បន្ទាប់ពីវាយរួចក៏យកប្រេងម៉ាស៊ីនជះមកលើជញ្ជាំងផ្ទះបម្រុងដុត តែបានអ្នកជិតខាងឃើញទាន់ជួយចាប់ហើយរាយការណ៍មកសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួនតែម្តង។
សុំបញ្ជាក់ថា ជនសង្ស័យធ្លាប់មកវាយទូរកញ្ចក់ផ្ទះជនរងគ្រោះចំនួន៣ដងហើយ  និងធ្លាប់យកទៅដាក់មណ្ឌលផ្តាច់សារធាតុញៀនចំនួន៣ដងហើយដែរ ៕ ស្អាងជ័យ

ចែករំលែក៖