ព័ត៌មានទាន់ហេតុការណ៍៖

យុវជនសង្ស័យម្នាក់ដោយសារមានសារធាតុញៀនក្នុងខ្លួន វាយបំផ្លាញទ្រព្យសម្បត្ដិអ្នកជិតខាងខូចខាតអស់មួយចំនួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលចាប់ខ្លួន ដោយសារយុវជនសង្ស័យរូបនេះ បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកជិតខាងខូចខាតអស់មួយចំនួន ព្រោះតែយុវជនសង្ស័យមានសារធាតុញៀនក្នុងខ្លួន នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាល ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ជា សុវណ្ណដា ហៅហ្គោ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ចំណែកជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ឈួន ផាន់ណា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន និងទី២- ឈ្មោះ ថៃ សុភក្រ្ត័ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ។ ជនរងគ្រោះ និងជនសង្ស័យទាំង៣នាក់ មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ។ ដោយឡែកសម្ភារៈខូចខាតមានៈ អំពូលភ្លើងចំនួន១ ,ជើងកាមេរ៉ាសុវត្ថិភាពចំនួន១ ,កញ្ចក់ទ្វារតូបលក់កាហ្វេចំនួន១ផ្ទាំង ,កំពិតទ្វាររូតដែកតូបលក់កាហ្វេ១កន្លែង ,បែកផើងផ្កាចំនួន១ និងខូចខាតទំនិញមួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនយ៉ាងកម្ម រហូតបែកស្មារតីរករឿងម្ដាយឪពុកឥតល្ហែផងដែរ ហើយម្ដាយឪពុកក៏ធ្លាប់បានយកជនសង្ស័យទៅមណ្ឌលបន្សាបគ្រឿងញៀនម្ដងរួចមកហើយដែរ រហូតមកដល់បច្ចុប្បន្ន ជនសង្ស័យនៅតែប្រើប្រាស់គ្រឿងញៀនដដែល ។ លុះមកដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន រហូតវង្វេងស្មារតីក៏ទៅវាយដំទ្រព្យសម្បត្ដិអ្នកជិតខាងចំនួន២គ្រួសារ បណ្ដាលឲ្យខូចខាតទ្រព្យសម្បតិ្ដអស់មួយចំនួនដូចបានរៀបរាប់ខាងលើ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២គ្រួសារ ក៏បានដាក់ពាក្យបណ្ដឹងមកនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកតាមាក់ ឲ្យឃាត់ខ្លួនចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖