ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានវិបត្តិគ្រួសារ លោតពីលើផ្ទះជាន់ទី២ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តលោតពីលើផ្ទះជាន់ទី២ សម្លាប់ខ្លួន ពេលដែលជិតដល់ថ្ងៃឡើងតុលាការផ្តិតមេដៃលែងលះជាមួយប្រពន្ធ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅទីតាំងសិប្បកម្មនំប៉័ង ទី ចាន់ថា ក្នុងភូមិដើមអំពិល១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះពេជ្រ គឹមហុង អាយុ៣២ ឆ្នាំមុខរបរបុគ្គលិកលក់នំប៉័ងស្នាក់នៅទីតាំងកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិអង្គ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

បើតាមសម្ដីពីបុរសឈ្មោះសៅ ជា អាយុ៣២ ឆ្នាំជាបុគ្គលិករួមអាជីពជាមួយគ្នាបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះបានលែងជាមួយប្រពន្ធអស់រយៈពេលជាយូរមកហើយតែមិនទាន់បានផ្ដិតមេដៃនៅឡើយទេ ហើយនិងជិតដល់ថ្ងៃឡើងតុលាការផ្តិតមេដៃលែងលះជាមួយប្រពន្ធដោយសារតែពេលការបានចុះអត្រាស៊ីវិលទើបត្រូវឡើងតុលាការ ។

ប្រភពព័ត៌មានបានបន្តទៀតថា កាលពីថ្ងៃចូលឆ្នាំចិនថៅកែសិប្បកម្មនំប៉័ងបានឲ្យបុគ្គលិកកម្មករសម្រាកទៅលេងស្រុកកំណើត ពេលនោះជនរងគ្រោះបានទៅដល់ស្រុកកំណើតហើយក៏បានហូបចុកផឹកស៊ីស្រវឹងបានទៅអោបប្រពន្ធពីក្រោយ រួចប្រពន្ធបានផ្ទះមួយកំភ្លៀង ហើយប្រាប់ថាយើងបានលែងលះគ្នាហើយកុំមកស្និទ្ធស្នាលពេក

ពេលដែលបុរសជាជនរងគ្រោះបានឡើងមកភ្នំពេញធ្វើការវិញគឺមានអារម្មណ៏ខុសប្លែកពីធម្មតា រហូតដល់ថ្ងៃកើតហេតុជនរងគ្រោះបានសម្រេចចិត្តលោតពីលើផ្ទះជាន់ទី២ ម្ដងហើយកាលពីប៉ុន្មានថ្ងៃមុនតែត្រូវក្រុមកម្មករឃើញទាន់ក៏ចាប់ទាន់ លុះដល់ម៉ោងកើតហេតុស្រាប់តែជនរងគ្រោះបានសម្រេចចិត្តលោតពីលើផ្ទះម្ដងទៀតពេលដែលពេលនោះអ្នកដែលធ្វើការជាមួយគ្នាបានឃើញហើយក៏បានដឹកជនរងគ្រោះមកមន្ទីរពេទ្យបង្អែកមានជ័យ តែដោយស្ថានភាពធ្ងន់ធ្ងរពេកលោកគ្រូពេទ្យបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្ស៊ីតែពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ

លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹកខែឆ្នាំដដែលទើបម្ចាស់ផ្ទះបានយករាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅទី១ ហើយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្បាអំពៅទី១ក៏បានរាយការណ៍ទៅសមត្ថកិច្ចកុសល្យវិច្ច័យខណ្ឌច្បារអំពៅនិងបានសហការជាមួយខាងកុសល្យវិច្ច័យការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះទៅពិនិត្យទីតាំងនៅកន្លែងកើតហេតុ ទើបដឹងថាជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើផ្ទះជាន់ទី២ពិតប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មអ្វីនោះទេទេ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕សណ្តោស


ចែករំលែក៖