ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលចុះបង្ក្រាបទីតាំងជល់មាន់ខ្នាយដែកខុសច្បាប់មួយកន្លែងនៅស្រុកស្វាយលើ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ និងប្រជាការពារភូមិ បានចុះបង្ក្រាបទីតាំងជល់មាន់ខ្នាយដែកខុសច្បាប់មួយកន្លែង នៅចំណុចវាលស្រែ ក្នុងភូមិ រុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ។

លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ថា មុនពេលសមត្ថកិច្ចចុះទៅដល់ជនសង្ស័យបានរត់គេចខ្លួនអស់ដោយសារស្ថានភាពទីតាំងវាលស្រឡះទើបជនសង្ស័យមើលឃើញសមត្ថកិច្ចពីចម្ងាយ ហើយក៏បាននាំគ្នារត់អស់ បន្សល់ទុកតែវត្ថុតាង (សង្វៀនមាន់) និងម៉ូតូចំនួន ៦ គ្រឿងជញ្ជីងថ្លឹងមាន់មួយ និងមាន់ចំនួន៣ក្បាល ។

លោកប្រាប់ថា ករណីនេះសមត្ថកិច្ចបានដុតកម្ទេច សង្វៀនមាន់ចោល ចំណែកម៉ូតូបានយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុក បណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់មកដោះស្រាយតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖