ខេត្តបាត់ដំបង៖ នគរបាលស្រុកភ្នំព្រឹកបានចុះបង្ក្រាបកន្លែងជល់មាន់នៅវាលស្រែ កាលពីថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់បានចុះបង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែងនៅចំណុចអង្កាំផ្អែម ស្ថិតនៅក្នុងភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅវេលាម៉ោង ១៤:៤៥នាទី ក្នុងនោះបានឃាត់ខ្លួនអ្នកប្រជល់មាន់បានចំនួន៥នាក់ ភេទប្រុស ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ មាន់ជល់ចំនួន២ក្បាល, ម៉ូតូចំនួន១០គ្រឿង រួមទាំងសង្វៀនមាន់ចំនួន២ ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន១ ។
សមត្ថកិច្ចនគរបាលជំនាញស្រុកភ្នំព្រឹកបានឲ្យដឹងថា ចំណែកអ្នកដែលប្រជល់មាន់ទាំង៥នាក់ត្រូវកម្លាំង អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សាកសួរធ្វើកំណត់ហេតុ អប់រំណែនាំ និងធ្វើកិច្ចសន្យា ឲ្យវិលត្រឡប់ទៅផ្ទះវិញ ថ្ងៃក្រោយឈប់ឲ្យនាំគ្នាប្រជល់មាន់តទៅទៀត ៕ ស សារ៉េត