ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនបានក្រោយពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់មិនបានសម្រេច ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោ១៤ និង៣០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងជើងផ្សាម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៤នាក់ រួមមាន ៖ ១-ឈ្មោះ នូ ដារ៉ូ ភេទប្រុស អាយុ១៨ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) , ២ ឈ្មោះ អេង ម៉េងហេង ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) , ៣-ឈ្មោះ ទិត្យ វិស័ក្ត ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិមិត្តភាព សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) , ៤-ឈ្មោះ សេត រ៉ាវិត ភេទប្រុស អាយុ១៨ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ឹម ចាន់ថា ភេទបុ្រស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនសំណង់ឯកជន ស្នាក់នៅផ្ទះលេខ៩២០ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង តាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានកាន់ទូរស័ព្ទបម្រុងខលស្រាប់តែលេចមុខក្រុមជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីគាត់តែមិនបានសម្រេច ។ ក្រោយមកជនរងគ្រោះបានជិះម៉ូតូដេញតាមហើយស្រែកថា ចោរៗពេលនោះកម្លាំងល្បាត ខណ្ឌ និងប៉ុស្តិ៍ដេញស្ទាក់ចាប់បាន២នាក់តែម្តង ។ សមត្ថកិច្ចបានបន្តទៀតថាក្រោយពីឃាត់ខ្លួនជនសង្ស័យបាន២នាក់រួចទើបឈានដល់ការឃាត់ខ្លួនបក្ខពួក២នាក់បន្តទៀតនៅ ខណ្ឌឫស្សីកែវសរុប៤នាក់ ។
សម្ភារបាត់បង់ គ្មាន ។ សម្ភារបន្សល់ទុក រួមមាន ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GQ-1256 , ២-តូម៉ាកឡែត ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FU-0233(របស់ជនសង្ស័យ) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា