ខេត្តប៉ៃលិន៖ បន្ទាប់ពីអាជីវករលក់ដូរនៅក្នុងផ្សារជាងអូរកន្លែងផ្សារត្រី ក្នងភូមិប៉ា ហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន ខេត្តប៉ៃលិន កាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២០នៅក្នុងបរិវេណសាលាក្រុងប៉ៃលិនបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតមកដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភ: លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានដឹកនាំគណ:កម្មាការដោះស្រាយជូនពួកគេភ្លាមៗតែម្តង ។
ប្រភពព័ត៌មានពីលោក ម៉ាន អាយុ៤៥ឆ្នាំ អាជីវករជួលតូបលក់បន្លែ និងជួលផ្ទះក្នុងផ្សារស្នាក់នៅ បានរៀបរាប់ឱ្យដឹងថា លោកជួលផ្ទះស្នាក់នៅក្នុងផ្សារត្រីឯកជននេះ តម្លៃ២០ម៉ឺនរៀល ក្នុង១ខែ ហើយត្រូវបង់ថ្លៃភ្លើង១គីឡូវ៉ាត់ម៉ោងតម្លៃ១៥០០រៀល ថ្លៃទឹក១គូប អស់៣០០០រៀល ថ្លៃភាស៊ី១តូប៥០០រៀល និងថ្លៃឆ័ត្រ១ដើម៧០០រៀល ។
លោកបន្តទៀតថា ក្រោយមកម្ចាស់ផ្សារចង់តម្លើងថ្លៃខ្ពស់ជាងនេះ ទើបពួកគាត់បាននាំគ្នាទៅតវ៉ារហូតដល់ក្នុងបរិវេណសាលាក្រុង ដើម្បីឱ្យអាជ្ញាធរក្រុងជួយអន្តរាគមន៍ព្រោះរាល់ថ្ងៃអាជីវករលក់ដូរនៅក្នុងផ្សារត្រី គឺលក់តែពេលព្រឹកប៉ុណ្ណោះដោយពេលថ្ងៃអត់មានម៉ូយឬអតិថិជនចូលទៅទិញនោះឡើយ ។ ដូច្នេះបើម្ចាស់ផ្សារតម្លើងថ្លៃផ្ទះ ថ្លៃតូប ថ្លៃទឹក ថ្លៃភ្លើងនិងថ្លៃភាស៊ីពួកគាត់ពិតជាមិនអាចរកប្រាក់ទៅបង់ជូនម្ចាស់ផ្សារនេះបានឡើយ ។
គាត់បញ្ជាក់ទៀតថា ក្នុងនាមតំណាងឱ្យអាជីវករលក់ដូរក្នុងផ្សារឯកជន (ផ្សារត្រី)ទាំងអស់ សូមអំពាវនាវឱ្យម្ចាស់ផ្សារយោគយល់និងអធ្យាស្រ័យក៏សូមឱ្យអាជ្ញាធរក្រុងប៉ៃលិនជួយដោះស្រាយជូនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។
ចំណែកលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា÷ម្ចាស់ផ្សារឯកជនខាងលើ មាន ឈ្មោះ អូន ភេទប្រុស អាយុជាង៤០ឆ្នាំ អតីតប្រពន្ធ ឈ្មោះ មួង អាយុ៣៩ឆ្នាំរស់នៅក្នុងផ្សារត្រី ក្នុងភូមិខាងលើ ដោយខាងលោកបានដឹកនាំក្រុមគណ:កម្មាការចុះដោះស្រាយជូនហើយ គឺខាងអាជីវករសុំឱ្យម្ចាស់ផ្សារបញ្ចុះតម្លៃផ្ទះនៅសល់២២ម៉ឺនរៀលក្នុង១ខែ ថ្លៃភាស៊ីត្រឹម៣០០រៀល ថ្លៃឆ័ត្រត្រឹម៣០០រៀល ថ្លៃទឹក១គូប ត្រឹម២៥០០រៀល ថ្លៃភ្លើង១គីឡូវ៉ាត់ ត្រឹម១២០០រៀល ។ លោកបន្តទៀតថា ចំណែកថ្លៃតូបគឺនៅដដែលមិនចុះថ្លៃជាងនេះ ក៏មិនតម្លើងថ្លៃដែរ គឺម្ចាស់ផ្សារត្រូវតែកំណត់ឱ្យអាជីវករបង់ដូចសព្វមួយដងដើម្បីចៀសវាងមានបញ្ហាទៅថ្ងៃខាងមុខ ។
ចំណែកលោក ជាង អូន ជាម្ចាស់ផ្សារត្រីខាងលើ បានឱ្យដឹងដែរថា ខាងលោកយកថ្លៃភាស៊ីទៅតាម សៀវភៅបន្ទុក គឺតូបលក់ទំនិញគ្រប់ប្រភេទក្នុង១តូបរានលក់ទំនិញគ្រប់ប្រភេទត្រឹមតែ៥០០រៀលផ្ញើកង់គ្រប់ប្រភេទ២០០រៀលផ្ញើម៉ូតូគ្រប់ប្រភេទ៥០០រៀល ។
ចំណែកម្ចាស់ឆ័ត្រ គេយកថ្លៃឆ័ត្រ១តម្លៃ៣០០រៀលរថយន្តផ្ទេរទំនិញក្នុងផ្សារ១០០០រៀល ផ្ញើរថយន្តគ្រប់ប្រភេទក្នុងផ្សារ១០០០រៀល ហើយតូបឬរានដែលមានទំហំធំជាង៤ម៉ែត្រថែម១ម៉ែត្រ តម្លៃ១០០រៀល ៕ ស សារ៉េត