ខេត្តតាកែវ ៖ មានរឿងភាពមិនប្រក្រតីមួយទើបបែកធ្លាយមកក្រៅឲ្យដឹងថា លោក យឹម ច័ន្ធថន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តតាកែវបានយក លុយរបស់សាខាកាកបាទក្រហមខេត្ត ចំនួន៣ម៉ឺនដុល្លារ ទៅឲ្យប្រពន្ធរបស់ខ្លួនយកទៅរកស៊ីចងការប្រាក់លក្ខណៈឯកជន នៅក្រុងដូនកែវ ហើយរឿងនេះបានធ្វើឲ្យរងនូវការរិះយ៉ាងខ្លាំងពីមហាជន ដោយម្នាក់ៗគិតថា ប្រាក់របស់សាខាកាកបាទក្រហមខេត្តតាកែវ ដែលបានពីសប្បុរសជន សម្រាប់បំរើសង្គមសោះ បែរជាលោក យឹម ច័ន្ទថន យកទៅរកស៊ីចងការប្រាក់នោះឲ្យគរយកប្រាក់ចំណេញ វាជារឿងមិនត្រឹមត្រូវទាល់តែសោះ។ ប្រជាជនបានសំណួរថា ចុះបើប្រាក់ដែលយកទៅចងការឲ្យគេនោះមិនត្រូវបានអ្នកខ្ចីសងត្រឡប់មកវិញ តើលោក យឹម ច័ន្ទថន គិតយ៉ាងណា?
ប្រភពច្បាស់ការពីមន្រ្តីសាលាខេត្តតាកែវ បានអោយដឹងថា លោក យឹម ច័ន្ធថន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តតាកែវ បានយក លុយរបស់សាខា ទៅឲ្យប្រពន្ធចងការឲ្យឯកជន និងពលរដ្ឋពេញក្រុងដូនកែវ។រឿងនេះបាន បែកធ្លាយក្រោយ មានការផ្លាស់ប្ដូរហេរញ្ញឹកថ្មី គឺលោក ហោ ប៊ុនវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ បានចូលកាន់តំណែងជាហេរញ្ញឹករបស់សាខា ជាហេតុធ្វើ មានការសើរើបញ្ជីស្នាមហិរញវត្ថុ ទើបមានការបែកធ្លាយរឿងនេះតែម្ដង។
ទាក់ទងករណីខាងលើ សារព័ត៌មាននគរវត្ត មិនអាចសុំការបំភ្លឺពីលោកអភិបាលខេត្តតាកែវបានទេ។ ចំណែកលោក ហោ ប៊ុនវឌ្ឍន៍ ក៏មិនអាចទាក់ទងបានដែរ ដោយលោកមិនទទួលទូរស័ព្ទ។ រីឯលោក យឹម ច័ន្ធថន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តតាកែវ បានអះអាងថា លោកពិតជាបានធ្វើរឿងនេះពិតមែន តែដើម្បីរកចំណូលសាខាកាកបាទក្រហមខេត្តតែប៉ុណ្ណោះមិនមែនយកដាក់ក្នុងហោប៉ៅលោកទេ ។
ជាមួយនេះដែរមហាជនដែលបានដឹងរឿងនេះ បានសម្ដែងនូវការហួសចិត្ត និងបានអំពាវសូមឲ្យលោកអភិបាលខេត្តសើររើ និងត្រួតពិនិត្យលោក យឹម ច័ន្ធថន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តតាកែវ ជាបន្ទាន់ ដើម្បីបង្ការកុំឲ្យកើតមានបញ្ហាទៅថ្ងៃមុខ ។
មហាជនបានលាន់មាត់ថា យកលុយមនុស្សធម៌ ទៅបង្កើតកូនយកការប្រាក់ពីអ្នកខ្វះខាត មិនខុសពីអ្នកធ្វើអំពើល្អតែមុខព្រះ តែនៅក្រោយខ្នងព្រះវិញសង្កត់កគេដកស្លាបទាំងរស់នោះទេ ៕ ប្រាថ្នា