ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូបងជិះយកទៅចូលក្លឹបអស់លុយបែកគំនិតឆក់ទូរស័ព្ទដៃពីរនារីម្នាក់បានសម្រេច រត់មិនរួចជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ ខណៈកំពុងជិះម៉ូតូបានសម្រេចរួចព្យាយាមបើកម៉ូតូរត់គេចខ្លួនត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ជូនសមត្ថកិច្ច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩ និង ៤០នាទីថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង កែងនឹងផ្លូវ ២០០៤ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១/មានឈ្មោះ សេក វុទ្ធី ភេទប្រុសអាយុ ២០ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ទី២/  ព្រុំ សា អាយុ១៧ឆ្នាំ មុខរបរសំណង់ ស្នាក់នៅម្ដុំលូប្រាំងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ មានស្រុកកំណើត ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមចម្លើយសារភាពជនសង្ស័យទាំងពីរនាក់បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុរូបគេទាំងពីរបានខ្ចីម៉ូតូបងមួយគ្រឿង ហុងដា wave s ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ1L-9611ដើម្បីជិះដើរលេងនិងក្លឹប ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុខាងលើរូបគេទាំងពីរនាក់ឃេីញនារីម្នាក់កំពុងជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខដោយឱកាសល្អ ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចហើយបាននាំគ្នាជិះម៉ូតូរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋបានជិះម៉ូតូដេញតាមពីក្រោយធ្វើឲ្យរូបគេទាំងពីអ្នកភ័យស្លន់ស្លោបានយកទូរសព្ទដៃដែរឆក់បានបោះបាត់រួចជិះបន្តទៅដល់ចំណុចមុខផ្ទះសំណាក់ក្អមមាស តាមបណ្តោយផ្លូវបេតុង ភូមិអូរគីដេសង្កាត់អូរបែកក្អមខណ្ឌសែនសុខរូបគេបានជ្រុលចង្កូតទៅបុកម៉ូតូកង់បីមួយគ្រឿងទៀតបណ្ដាលឲ្យដួលរួចត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនប្រគល់ជូនសត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម រួចចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងនោះទេ ៕ សុខាសែនជ័យ


ចែករំលែក៖