ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ។
មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ចាន់ រ៉ាវុធ ហៅគី អាយុ ២១ឆ្នាំ ២ ឈ្មោះ ចយ យក្ស អាយុ ១៧ឆ្នាំ មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ចោរឆក់ ០២នាក់នេះត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៣:៣៨ទៀបភ្លឺ នៅចំណុច មុខវត្តឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនជាតិចិន។
ជនសង្ស័យទាំង ០២នាក់ បានប្រាប់បន្ថែមឲ្យដឹងទៀតថា កន្លងមកធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសបានសម្រេចម្តងមកហើយ នៅមុខវត្តឧណ្ណាលោម និងធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល ០១ខែមកហើយដែរ។
ក្រោយពីសាកសួរ និងកសាងសុំណុំរឿង រួចរាល់ តាមចម្លើយជាក់ស្តែងរបស់ពួកគេនៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ