ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនពន្លះក្បាលព្រួញពុះចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្ត កាមរីបាឡែនមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខ្ទេចផ្នែកខាងមុខ តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០ និង ១០ នាទីយប់ ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែង ៥២៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តកាមរីបាឡែនមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខ​ កំពង់ឆ្នាំង2A-1152​ ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ​ ២៨៩​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខហូប្រេងម៉ាស៊ីនពេញផ្លូវ និងផ្ទុះពោងទាំងពីរទៅមុខលែងរួច ។ ចំណែកឯក្បាលព្រួញពុះចែកទ្រូងផ្លូវរងការប្រេះបែកបន្តិចបន្តួច។ អ្នកបើកបរ និងអ្នករួមដំណើរមិនមានរងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖