ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ជិះម៉ូតូគ្មានលុយឲ្យគេ បានប្រើល្បិចខ្ចីម៉ូតូគេថាជិះទៅយកលុយនៅផ្ទះអ៊ុំមួយភ្លែត តែបែរជាជិះយកទៅបាត់រហូត លុះ៦ថ្ងៃក្រោយមក ត្រូវសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ស្រាវជ្រាវចាប់ខ្លួនតែម្ដង ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី ស្ថិតក្នុងភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គន់ សៀងហៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសេដា ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ផាត់ វ៉ាន្នី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមានម៉ូតូ១គ្រឿង ម៉ាក់ហុងដាឌ្រីម ធុនសេ125 ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ កណ្តាល1AG-3085 (របស់ជនរងគ្រោះ) ។
ប្រភពដដែលបន្ដថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យបានជួបជនរងគ្រោះនៅវត្ដនាគវ័ន្ដ ហើយជនសង្ស័យបានឲ្យជនរងគ្រោះឌុបមកផ្ទះ នៅភូមិសេដា ឃុំវិហារសួគ៌ ក្នុងតំលៃ៣០,០០០រៀល ពេលឌុបមកដល់ផ្ទះជនសង្ស័យ គ្មានលុយឲ្យ ក៏និយាយថា៖ ខ្ចីម៉ូតូមួយភ្លែតទៅយកលុយអ៊ុំ ភ្លាមនោះជនរងគ្រោះ ក៍ឲ្យម៉ូតូទៅជនសង្ស័យជិះ ពេលបានម៉ូតូជនសង្ស័យជិះគេចទៅបាត់រហូតពុំឲ្យជនរងគ្រោះវិញទេ ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកលួងដើម្បីជួយស្រាវជ្រាវ ។ លុះមកដល់ថ្ងៃទី៦ ខែឆ្នាំដដែល សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកលួង បានសហការជាមួយកម្លាំងប៉ុស្ត៍ព្រែកអំពិល ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធី ។
នៅមុខសមត្ថកិច្ចនគរបាល ជនសង្ស័យសារភាពថា ខ្លួនពិតជាខ្ចីម៉ូតូពីជនរងគ្រោះនោះប្រាកដមែន ដោយខ្លួនយកម៉ូតូនោះ ទៅដោះគ្រឿងយកទៅលក់ឲ្យឈ្មោះ មិ បូរ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំ ព្រែកអំពិល ស្រុកខ្សាច់កណ្តាល ៕ ស្អាងជ័យ