ព័ត៌មានទាន់ហេតុការណ៍៖

វាយគេ២កំភ្លៀង និងអុកមួយជង្គង់ចំថ្ងាសរងរបួសយ៉ាងដំណំ ព្រោះខឹងផឹកស្រាមិនឲ្យលុយ

ចែករំលែក៖

វាយគេ២កំភ្លៀង និងអុកមួយជង្គង់ចំថ្ងាសរងរបួសយ៉ាងដំណំ ព្រោះខឹងផឹកស្រាមិនឲ្យលុយ

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ព្រោះតែខឹងគេផឹកស្រាមិនឲ្យលុយ បានវាយគេចំនួន២កំភ្លៀង និងអុកថែម១ជង្គង់ទៀត ចំថ្ងាស បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី ស្ថិតក្នុងភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចន ឌីម៉ង់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉ក មានទីលំនៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ឃិន សាវី ហៅដេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីស្រូវ មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពដដែលបន្ដថា កាលពីថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកផឹកស្រាបៀនៅផ្ទះជនសង្ស័យ ដោយម្ដាយជនសង្ស័យជាអ្នកលក់ស្រាបៀ និងប្រពន្ធជនសង្ស័យជាអ្នកលក់បុកល្ហុង ហើយជនរងគ្រោះបានហៅស្រាបៀ៦កំប៉ុងផឹកតែម្នាក់ឯក លុះផឹកអស់ចំនួន២កំប៉ុង សល់៤កំប៉ុងទៀត ជនរងគ្រោះយកមកផឹកជាមួយជនសង្ស័យបន្ដ ខណៈផឹកអស់ជនរងគ្រោះពុំឲ្យលុយថ្លៃស្រាបៀទេ គឺជិះម៉ូតូបម្រុងទៅផ្ទះ ភ្លាមនោះជនសង្ស័យបាននិយាយថាៈ អាអូនឲ្យលុយថ្លៃស្រាទៅយាយផង(ម្ដាយជនសង្ស័យ) ពេលនោះដែរ ជនរងគ្រោះ បានចុះពីលើម៉ូតូនិយាយថា៖ មិនចាំបាច់ភ័យទេ! រួចហើយក៏ឡើងជិះម៉ូតូរបស់ខ្លួនចេញទៅម្តងទៀត ភ្លាមនោះជនសង្ស័យបានចាប់ទាញជនរងគ្រោះ រួចទះ២កំភ្លៀង ហើយចាប់ជនរងគ្រោះអុកចំនួន១ជង្គង់ បណ្ដាលឲ្យចំថ្ងាសរងរបួសយ៉ាងដំណំ ។ ក្រោយមកក្រុមគ្រួសារបានដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ។ លុះព្រឹកឡើងថ្ងៃទី៦ ខែឆ្នាំដដែល ក្រុមគ្រួសារជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ធំ ដើម្បីចាត់ការតាមច្បាប់ ។

ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖