ខេត្តតាកែវ: មានករណីអគ្គិភ័យមួយកើតឡើង វេលាម៉ោង១ និង ២០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចរោងចក្រស្បែកជើង(ប៊ីយូធីហ្វូល) ស្ថិតភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួនមានជាអាទិ៍ ស្បែកជើងប្រហែល១០០០០គូ(មួយម៉ឺនគូរ) កុំព្យូទ័រចំនួន០១គ្រឿង ខ្សែផលិតកម្មចំនួនម០១ខ្សែ ម៉ាស៊ីនស្កេនមេដៃចំនួន៣គ្រឿង ក្តារខៀនចំនួន០៣ក្តារខៀន ដែលករណីនេះត្រូវបានគេអះអាងថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ប្រភពពីមន្រ្តីនគរបាលស្រុកត្រាំកក់បានឲ្យដឹងថា ក្រោយពេលទទួលបានព៌តមាននេះភ្លាម កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់បានចេញទៅជួយធ្វើអន្តរាគមន៍ ដោយបានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ និងកម្លាំងក្រុមការងាររបស់រោងចក្រប៊ីយូធីហ្វូលយ៉ាងសកម្មផង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុកករណីមានអគ្គិភ័យនេះសមត្ថកិច្ចជំនាញ និងក្រុមការងាររោងចក្រ បាន ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន២៨បំពង់ទើបរលត់ទាំងស្រុងនិងមិនរាលដាលដល់ផ្ទះអ្នកភូមិ៕ ប្រាថ្នា