ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ ត្រូវក្រុមចោរព្រួតគ្នាវាយប្លន់យកម៉ូតូបានសម្រេច រួចគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរមួយក្រុម បានធ្វើសកម្មភាព ព្រួតវាយយុវជន៣នាក់ ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ខណៈដែលជនរងគ្រោះចេញពីក្លឹបកម្សាន្តយីហោហ្គោលឡាញ ។

ករណីវាយប្លន់យកម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅក្បែរក្លឹបហ្គោលឡាញ តាមបណ្ដោយផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះមានគ្នា៣នាក់ ជិះមួយ២គ្រឿង មួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីនិក ពណ៍សលាយផ្កាឈូក និងម៉ូតូដែលចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ចេញពីក្លឹបកម្សាន្តយីហោហ្គោលឡាញ តាមបណ្ដោយផ្លូវលេខ១៩៨៦ ខណៈជិះបានបន្តិចស្រាប់តែមានក្រុមចោរមួយក្រុមមានគ្នាជិត១០នាក់ បានមកធ្វើសកម្មភាពព្រួតវាយប្លន់យកម៉ូតូជនរងគ្រោះមួយគ្រឿងបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ ហើយនាំជនរងគ្រោះទៅសាកសួរ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យទាំងនោះ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចាត់ការតាមនីតិវិធីច្បាប់ ៕សហការី


ចែករំលែក៖