ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ពាក់ព័ន្ធប៉ុនប៉ងលួចយកម៉ូតូ ត្រូវកម្លាំងល្បាតនគរបាលខណ្ឌមានជ័យឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ មានការសង្ស័យក៏ឃាត់ខ្លួននិងធ្វើការឆែកឆែឃើញមានឧបករណ៍ដែលពាក់ព័ន្ធ អំពើប៉ុនប៉ងលួច (យកម៉ូតូ) ។

ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅវេលាម៉ោង០២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ  ២០២០ នៅចំណុចផ្លូវលេខ៣១បេតេ ក្នុងភូមិសន្សំកុសល១  សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ   ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ៖ ទី១ ឈ្មោះ ព្រំ សុខន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៩២ ផ្លូវលេខ៣៧១  ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ និងទី២ ឈ្មោះ ម៉ុត ធាវី  ភេទប្រុស   អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ  មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

ក្នុងនោះសមត្ថកិច្ចក៏ចាប់យកវត្ថុតាងរួមមាន ៖ ដែកចុងស្រួចចំនួន០១ដើម, សោរទីបលេខ០៨ចំនួន០១ដើម , ដែកលួស សរសៃចំនួន០២កំណាត់, កូនសោរម៉ូតូ ចំនួន០១ និង  ម៉ូតូ០១គ្រឿងម៉ាកឆាលី  ពណ៍ខៀវ  លេខម៉ាស៊ីន 3502389  គ្មានស្លាកលេខ (ជាមធ្យោបាយជនសង្ស័យធ្វើសកម្មភាព ) ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖  កាលពីថ្ងៃទី០៧ ខែកុម្ភៈ   ឆ្នាំ២០២០ វេលាម៉ោង០២ម៉៣០នាទីរំលងអាធ្រាត្រ  កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ  ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន  ហើយនៅពេលមកដល់នៅចំណុចផ្លូវ លេខ៣១បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទះឃើញជនសង្ស័យចំនួន០២នាក់ឈ្មោះ ព្រំ សុខន , ឈ្មោះ ម៉ុត ធាវី  ជិះម៉ូតូ០១គ្រឿងម៉ាកឆាលី  ពណ៍ខៀវ  គ្មានស្លាកលេខ ដោយមានការសង្ស័យ សមត្ថកិច្ចយើងបានឃាត់ជនសង្ស័យទាំង០២នាក់ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញឧបករណ៍សម្រាប់ឆ្កឹះសោរទ្វារ ផ្ទះ និងឧបករណ៍សម្រាប់កាច់សោរក ម៉ូតូមួយចំនួនរួមមាន ៖ ដែកចុងស្រួចចំនួន០១ដើម , សោរទីបលេខ០៨ចំនួន០១ដើម , ដែកលួសរសៃចំនួន០២កំណាត់  ,កូនសោរម៉ូតូចំនួន០១ នៅជាប់ខ្លួនជនសង្ស័យឈ្មោះ ម៉ុត  ធាវី  ឃើញដូចនោះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ឈ្មោះ ព្រំ សុខន  និង ឈ្មោះ ម៉ុត ធាវី យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ដើម្បីចាត់ការតាមនីតិវិធីតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ឈ្មោះ ព្រំ សុខន និង   ឈ្មោះ ម៉ុត  ធាវី ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖