ខេត្តបាត់ដំបង៖ ជំនួបពិភាក្សាពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនគរបាលភូមិភាគ២នៃព្រះរាជាណាចក្រថៃ បានធ្វើឡើងខណៈប្រទេសទាំងពីរ កំពុងមានសហប្រតិបត្តិការល្អជាមួយគ្នា ។
ពិធីនេះប្រព្រឹត្តទៅនៅព្រឹក ថ្ងៃ សុក្រ ១៤ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ កុម្ភៈឆ្នាំ២០២០ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន មេបញ្ជាការរងនគរបាលជាតិទិសភូមិភាគទី៥ និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជាសហប្រធាននៃជំនួនពិភាក្សា។ ចំណែកភាគីថៃដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ថាណាស័ក្តិ រិទ្ធីដេតផៃប៊ូន មេបញ្ជាការរងនគរបាលភូមិភាគ២នៃព្រះរាជាណាចក្រថៃ ជាសហប្រធាននៃជំនួបពិភាក្សាដោយមានសមាជិកមកចូលរួមចំនួន២៩នាក់ ខណៈភាគីកម្ពុជាមានចំនួនចំនួន៣៨នាក់ ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានលើកឡើងពីការពង្រឹងកម្លាំងសហការជាមួយគ្នា ដោយអនុវត្តតាមខ្លឹមសារចំនួន៧ចំណុចដែលបានជួបឯកភាពគ្នា រវាងនគរបាលខេត្តបាត់ដំបង និងខេត្តច័ន្ទបូរីនៅប្រទេសថៃកាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៩ រួចមកនោះ ដើម្បីយកមកអនុវត្តបន្តទៀត។ជាមួយនេះ ក៏បានសុំបន្ថែមកិច្ចសហការជាមួយនគរបាលខេត្តត្រាត និងខេត្តស្រះកែវបន្ថែមទៀត ដោយបានជំរុញឲ្យមានជំនួបគ្នារវាងថ្នាក់ស្រុកនិងស្រុកដែលមានព្រំប្រទល់ជាមួយគ្នា និងជំនាញតាមគោលដៅនៅទល់មុខគ្នា សុំបន្តពង្រឹងបន្ថែមតាមខ្លឹមសារចាស់ឲ្យបានល្អបន្ថែមជាបន្តទៀត ។
ជាមួយគ្ណានេះដែរ លោកឧត្តមសេនីយ៍ត្រីថាណាស័ក្តិ រិទ្ធីដេតផៃប៊ូន មេបញ្ជាការរងនគរបាលភូមិភាគ២នៃព្រះរាជាណាចក្រថៃបានលើកឡើងថា ភាគីថៃសុំឯកភាពបន្តពង្រឹងជាមួយជាមួយខេត្តទាំង៣របស់ថៃ ដែលមានព្រំដែនជាប់ជាមួយខេត្តបាត់ដំបង ហើយសុំឲ្យខាងកម្ពុជាជួយជំរុញផ្សព្វផ្សាយដល់ពលករមួយចំនួនឲ្យយល់អំពីច្បាប់ដែលត្រូវចេញ-ចូល ទៅធ្វើការរស់នៅប្រទេសឱ្យសមស្របទៅតាមច្បាប់ផង ។
ភាគីថៃបានបន្ថែមទៀតថា បើមានករណីមានមានអ្នកជំងឺដែលតម្រូវធ្វការសង្គ្រោះបន្ទាន់ហើយចាំបាច់ ត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃ សូមភាគីទាំងសងខាងជួយសម្រួលឲ្យបានឆាប់បំផុត ចៀសវាងការខកពេលនាំឲ្យអ្នកជំងឺអាចស្លាប់។
បន្ទាប់ពីបានឯកភាពគ្នារួចហើយភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួមគ្នា ហើយបន្តយកទៅអនុវត្តឲ្យមានប្រសិទ្ធិភាពបំផុត ព្រមទាំងផ្តល់នូវវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ក្នុងបរិយាកាសស្និទ្ធស្នាលនិងមិត្តភាពក្រៃលែង ៕ ប្រាថ្នា