ខេត្តសៀមរាម៖ នេះជាល្បិចថ្មីមួយទៀតហើយ ដែលម្ចាស់ហាងនិងម្ចាស់អាជីវកម្មទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសចំពោះការជ្រើសរើសបុគ្គលិក ខណៈចោរស្រីម្នាក់ បន្លំចូលមកសុំការងារធ្វើជាអ្នករត់តុ នៅភោជនីយដ្ឋាន អាយ ឃីតឆិន(i Kitchen) ប៉ុន្តែមិនបានមួយថ្ងៃផង បានធ្វើសកម្មភាពលួចយកលុយ និង ទូរស័ព្ទដៃពីក្នុងហាងតែម្តង។
សកម្មភាពចោរកម្មនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ក្នុងភោជនីយដ្ឋាន អាយ ឃីតឆិន (i Kitchen) ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ខេត្តសៀមរាម។
បើតាមម្ចាស់ភោជនីយដ្ឋាន អាយ ឃីតឆិន ថ្លែងប្រាប់ សារព័ត៌មានថា៖ នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ចោរស្រីរូបនេះបានមកសុំការងារជាអ្នករត់តុ នៅក្នុងភោជនីយដ្ឋាន ដោយប្រើល្បិចសុំជំពាក់ប្រវត្តិរូបសិន ដោយហេតុគ្មានប្រវត្តិរូបតាមខ្លួន ម្យ៉ាងផ្ទះនៅឆ្ងាយដល់ស្វាយស៊ីសុផុន ផង ។
លុះដល់ថ្ងៃទី៨ ខែកុម្ភៈ ជាថ្ងៃដំបូងចូលធ្វើការ ក៏ចាប់ផ្តើមធ្វើសកម្មភាពលួចតែម្តង ។
បើតាមរូបភាពវីឌីអូ កាមេរ៉ាសុវត្ថិភាព បានបង្ហាញសកម្មភាពចោរស្រីរូបនេះ លបបើកថតតុលុយជាច្រើនដង ប៉ុនប៉ងលួចលុយ ប៉ុន្តែមិនបានសម្រេច ដោយសារមានបុគ្គលិកផ្សេងទៀតដើរចុះ ដើរឡើង ។ ក្រោយមកចោរស្រីរូបនេះ ក៏បានទៅលួចទូរស័ព្ទរបស់បុគ្គលិកក្នុងហាងវិញបានសម្រេច ទើបចាកចេញពីហាងតែម្តង។
ទោះបីជាយ៉ាងណា ម្ចាស់ហាងនៅមិនទាន់ដាក់ពាក្យបណ្តឹងនៅឡើយទេ ដោយហេតុថាមិនមានសង្ឃឹមតាមចាប់ចោរស្រីដៃរហ័សនេះបានមកវិញទេ គ្រាន់តែផ្តាំផ្ញើអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសចោរស្រីរូបនេះតែម្តង ៕ សុខ ខេមរា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច