នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ កងកម្លាំងសន្តិសុខប្រទេសថៃបានបាញ់សម្លាប់ខ្មាន់កាំភ្លើងជាទាហានម្នាក់នោះហើយ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពបាញ់សម្លាប់យ៉ាងរង្គាលបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច២០នាក់ ។
ប៉ូលិសថៃបានបញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់នៅក្នុងផ្សារទំនើប Terminal 21 ស្ថិតនៅក្នុងទីក្រុង Nakhon Ratchasima ទីដែលខ្មាន់កាំភ្លើងត្រូវបានឡោមព័ទ្ធអស់រយៈពេលជាង១៧ម៉ោង និងសកម្មភាពជម្លៀសខ្លួនជនរងគ្រោះ ។ មន្ត្រីសុខាភិបាលខេត្ត Nakhon Ratchasimaមួយរូបបញ្ជាក់ថា មនុស្សស្លាប់២១នាក់ និងរបួស៦៣នាក់ ។
ស្នងការប៉ូលិសក្រុងបានបញ្ជាក់ថា ខ្មាន់កាំភ្លើងរូបនោះត្រូវបាញ់សម្លាប់រួចហើយ ។ ខ្មាន់កាំភ្លើងត្រូវបានស្គាល់ឈ្មោះ Jakrapanth Thomma អាយុ៣២ឆ្នាំ មកពីជំរំយោធា Surathampithak ។ ជននេះត្រូវបាញ់សម្លាប់នៅខាងក្នុងបន្ទប់ក្រោមដីកន្លែងចំអិនអាហារ ក្នុងផ្សារទំនើបនោះតែម្តង ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ទាហានម្នាក់បានបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួនឯង និងមនុស្សពីរនាក់ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak ។ ក្រោយមក ទាហានរូបនោះ បានលួចយកកាំភ្លើងយន្ត ម៉ាក M60 រត់គេចខ្លួន សំដៅទៅផ្សារទំនើបTerminal 21 នៅក្នុងទីក្រុង Nakhon Ratchasima Korat ខេត្តNakhon Ratchasima ភាគឦសាន្តរបស់ប្រទេសថៃ ហើយបាញ់ប្រហារលើហ្វូងមនុស្សបណ្តាលឲ្យស្លាប់ និងរបួសយ៉ាងរដូករណែល ។
សមត្ថកិច្ចថៃ នៅមិនទាន់បញ្ជាក់លម្អិតពីមូលហេតុនៃអំពើបាញ់ប្រហារនេះឡើយ ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក មុនការបាញ់ប្រហារ ខ្មាន់កាំភ្លើងបានឡាយវីដូអូ និងបង្ហោះសារថា ថា៖ «ពិតជានឿយហត់ណាស់… ខ្លួនខ្ញុំមិនអាចកម្រើកខ្លួន សូម្បីតែម្រាមដៃ ។ តើ ខ្ញុំគួរតែចុះចាញ់មែនទេ? …រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថាអាចយកលុយទាំងនោះទៅចាយ នៅឋានរកមែនឬទេ» ៕