ព័ត៌មានទាន់ហេតុការណ៍៖

ជនឆបោកម្នាក់ភ្លាត់ស្នៀតអស់ល័ក្ខត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារ សន្តិសុខបានដឹកនាំកម្លាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកវ៉ារិនបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីបោកលុយពលរដ្ឋ នៅស្រុកវ៉ារិនចំនួន១០០០ដុល្លារ ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានឲ្យដឹងកាលពីថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ ២០២០ ថា ជនសង្ស័យ ឈ្មោះ អឹម តុល ហៅក្រៅ ប្រាក់ ឃ្នី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ស្រុកកំណើត ភូមិ ធ្លោយ ឃុំ ប្រាំបីមុំ ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ ពីបទឆបោក (ថាត្រូវគេបានចាប់ជំរិត ) យោងតាម បណ្ដឹងរបស់ជនរងគ្រោះ និងតាមរយះ ការស៊ើបអង្កេតស្រាវជ្រាវហើយ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សៀមរាប ។

លោកបន្តថាដំណើររឿងកាលពីថ្ងៃទី០៤ខែមេសាឆ្នាំ២០១៩ ឈ្មោះ ថៃ ជឿយ ភេទស្រី អាយុ៣៩ឆ្នាំទីលំនៅ ភូមិឫស្សី ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប បានបញ្ជូនកូនស្រីឈ្មោះរីកញ្ញា អាយុ១៨ ឆ្នាំ ឲ្យទៅធ្វើ ការងារផ្នែកមេផ្ទះ នៅរាជធានី ភ្នំពេញក្នុងអំឡុងពេលរថយន្តក្រុងចេញពី សៀមរាបឆ្ពោះទៅភ្នំពេញ បានស្គាល់មនុស្សប្រុសម្នាក់ ឈ្មោះអឹម តុល អាយុ ២៥ ឆ្នាំ ទីលំនៅមិនពិតប្រាកដមានស្រុកកំណើត ភូមិធ្លោយ ឃុំ ប្រាំបីមុំ ស្រុកថ្ពង ខេត្ត កំពង់ស្ពឺ ហើយពួកគេពីរបានទំនាក់ទំនងគ្នាបន្ទាប់មកជនសង្ស័យ ឈ្មោះ អឹម តុល ក៏បានព្យាយាមទំនាក់ទំនង ឈ្មោះ រី កញ្ញា តាមរយៈ ទូរស័ព្ទ របស់ ០៨៨ ៦៧៧ ៦៤២០ រហូតបានទៅស្គាល់ដល់ទីលំនៅ រីកញ្ញា ។

ប្រភពបន្តថា ឆ្លៀតឱកាសក្នុងពេលនោះ ជនសង្ស័យក៏បានប្រើល្បិចយកលេខទូរស័ព្ទទំនាក់ទំនងទៅលេខរបស់ ឈ្មោះរីកញ្ញា គឺ លេខ ០៩៧ ២៨៦៧ ៩០០ ហើយដើរតួក្លែងជាឪពុក ឈ្មោះ ប្រាក់ ដើម្បីនិយាយលួងលោមថានឹងចូលស្តី រីកញ្ញា ក្នុងពេល ឆាប់ៗនេះបន្ទាប់មកនៅថ្ងៃ ទី២០ ខែមករា ឆ្នាំ ២០២០ ជនសង្ស័យ ក៏ បន្តប្រើល្បិចធ្វើជាឪពុកខ្លួនឯង ទាក់ទងទៅ ម្ដាយ រីកញ្ញា ដោយប្រាប់ ថាម្តាយរបស់ជនសង្ស័យ ឈ្មោះ អឹម តុល បានគ្រោះថ្នាក់ចរាចរណ៍ ហើយស្លាប់នៅខេត្តតាកែវ និងសុំ អឹមតុល និង រីកញ្ញា មកធ្វើបុណ្យ សពម្ដាយពេលនោះឈ្មោះ ថៃ ជឿយ ដែលត្រូវជាម្ដាយរបស់ជនរងគ្រោះឈ្មោះ រីកញ្ញា ក៏យល់ព្រមឲ្យពួកគេទាំងពីរទៅចូលរួមធ្វើបុណ្យ នៅថ្ងៃ២១ខែមករា ឆ្នាំ ២០២០ ជនសង្ស័យក៏បាននាំជនរងគ្រោះឈ្មោះ រីកញ្ញា ធ្វើដំណើរទៅប៉ុន្តែមិនបាននាំជនរងគ្រោះទៅខេត្តតាកែវទេគឺមកដល់ត្រឹមភ្នំពេញវិញ លុះដល់ថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២០ ជនសង្ស័យ ឈ្មោះ អឹម តុល បានប្រើល្បិចធ្វើជាឪពុកទំនាក់ទំនងទូរស័ព្ទមកឈ្មោះ ថៃ នឿយ ដែលត្រូវជាម្ដាយរបស់ជនរងគ្រោះហើយប្រាប់ថាកូនរបស់ គាត់អឹម តុល និង រីកញ្ញាត្រូវបានគេចាប់ជំរិតទារប្រាក់៣០០០ដុល្លារជា ថ្នូរនៃការដោះលែង ។

ប៉ុន្តែខ្លួនមានលុយតែ២០០០ដុល្លារហើយសុំឲ្យម្ដាយជនរងគ្រោះជួយ ចេញប្រាក់ ចំនួន ១០០០ ដុល្លារ ដើម្បីបង្គ្រប់ថ្នូរនៃការដោះលែងមកវិញ ម្ដាយ ជនរងគ្រោះ ឈ្មោះ ថៃ ផឿយ ក៏យល់ព្រមរួចក៏វេរប្រាក់ ចំនួន៤លានរៀលតាមរយៈវីងទៅឲ្យឈ្មោះប្រាក់ដែលថាជាឪពុក ឈ្មោះ អឹម តុល នោះដោយប្រើប្រាស់លេខ០៩០៨៥២២១៦ គឺជាលេខ របស់ជនរងគ្រោះ ឈ្មោះ រីកញ្ញា បន្ទាប់មកជនសង្ស័យក៏បានទៅដក ប្រាក់របស់ម្ដាយជនរងគ្រោះដែលបានផ្ញើឲ្យលុះរំលងបានប្រហែល ៣-៤ថ្ងៃ ក្រោយមកម្ដាយជនរងគ្រោះក៏បានព្យាយាមទាក់ទងតាមទូរស័ព្ទ ទៅកូនស្រីប៉ុន្តែជនសង្ស័យ ឈ្មោះ អឹម តុល ជាអ្នកទទួលហើយ និយាយប្រាប់ថា ពួកគេត្រូវបានគេដោះលែងហើយតែពុំមានប្រាក់ធ្វើដំណើរពេលបានទទួលដំណឹងនេះភ្លាមម្ដាយជនរងគ្រោះក៏បានផ្ញើ ចំនួនលុយចំនួន ២០ម៉ឺនរៀលតាម វីងឲ្យពួកគេដើម្បីជាសោហ៊ុយធ្វើដំណើរមកផ្ទះវិញ ។

ប្រភពបន្តថា បន្ទាប់មកជនសង្ស័យក៏បានដកប្រាក់ហើយបានទិញ សំបុត្រឡានឲ្យជនរងគ្រោះ ឈ្មោះ រីកញ្ញា ត្រឡប់ទៅផ្ទះវិញក្រោយមក ជនសង្ស័យ ឈ្មោះ អឹម តុល បានក្លែងធ្វើជាឪពុករបស់ខ្លួនម្ដងទៀត ហើយប្រាប់ម្ដាយជនរងគ្រោះថាក្រោយចប់ពិធីបុណ្យគាត់នឹងចូលស្ដី ដណ្ដឹងកូនស្រីប៉ុន្តែពុំឃើញចេះតែស្ងាត់ទៅៗទើបឈ្មោះ ថៃ ផឿយ គិត ថា អឹម តុល នេះឆបោកហើយបានដាក់ពាក្យប្ដឹងមកសមត្ថកិច្ចតាមរយៈ ការសាកសួររបស់សមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តនូវទង្វើទាំងនោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕ ប៊ុនរិទ្ធី


ចែករំលែក៖