ភ្នំពេញ៖ ក្រុមចោរមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងពីយុវជនម្នាក់ បានសម្រេច ខណៈដែលជនរងគ្រោះជិះម៉ូតូម្នាក់ឯង ចេញពីញុំអីជាមួយមិត្តភក្តិ រួចធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ គោលបំណងទៅផ្ទះ ។
ករណីវាយប្លន់យកម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចជិតវត្តហារ៏ តាមបណ្តោយផ្លូវលេខ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ វ៉ាន សៅណាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន រស់នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកម៉ូតូដែលត្រូវក្រុមចោរវាយប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1.IC.4341 ។
តាមសម្តីយុវជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ដំបូងឡើយរូបគេបានចេញពីញុំអីជាមួយមិត្តភក្តិ លុះពេលញុំរួចហើយក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ខណៈដែលខ្លួនកំពុងជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត គោលបំណងត្រលប់ទៅផ្ទះ ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលិចមុខជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក មកពីក្រោយស្របទិសគ្នា រួចបានធ្វើសកម្មភាពធាក់រូបខ្លួនបណ្តាលឲ្យដួល ហើយក៏យកមួកសុវត្តិភាពមកវាយជាច្រើនមួកបណ្ដាលឲ្យរងរបួសយ៉ាងដំណំផងដែរ ។ ចំណែកក្រុមជនសង្ស័យ ដោយឃើញឱកាសល្អក៏លើកម៉ូតូរបស់ខ្លួនជិះចេញ គេចខ្លួនទៅទិសខាងលិចបាត់ស្រមោលតែម្តង ។
ជនរងគ្រោះបន្តថា ម៉ូតូដែលត្រូវក្រុមចោរវាយប្លន់យកទៅបាត់នោះ រូបគេទើបតែទិញបានតែ ២ខែប៉ុណ្ណោះ ។
ក្រោយកើតហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យទាំងនោះ ស្វែងរកចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ភារ៉ា ដង្កោ