ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ មានមន្ត្រីពេទ្យសត្វខេត្តផងនោះ បានចុះបង្ក្រាបរថយន្ត១គ្រឿងលួចដឹកប្រហិតសាច់មាន់ចំនួន៥តោន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃ ចន្ទ ២ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៦ ហួសបឹងឈូក ទល់មុខមជ្ឈមណ្ឌលកម្សាន្ត ហ៊ុយឡេង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចចូលរួមបង្រ្កាបករណីនេះបានឲ្យដឹងថា ការឃាត់រថយន្តលួចដឹកប្រហិតសាច់មាន់៥តោននេះត្រូវបានសមត្ថកិច្ចដឹងថាក្រុមឈ្មួញបាននាំចូលតាមច្រករបៀងដឹកចូលមកខេត្តបន្ទាយមានជ័យហើយដោយកម្លាំងចម្រុះ ចុះអនុវត្តតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃលិខិតឲ្យបង្កើតគណៈកម្មការទប់ស្កាត់ការនាំចូលខុសច្បាប់នូវគ្រប់ទំនិញ និងផលិតផលពីបក្សីខុសច្បាប់នាំចូលតាមច្រករបៀងទើបបង្រ្កាបបានតែម្តង ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យប្រាប់ ឲ្យដឹងថា ៖ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់របស់ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង លោក តាន់ ផាន់ណារ៉ា ទទួលបន្ទុកជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាផ្ទាល់ឲ្យក្រុមបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ត្រីបង្ក្រាបបទល្មើសការិយាល័យខេត្តបន្ទាយមានជ័យឲ្យបានទោះក្នុងរូបភាពណាក៏ដោយ ។ លុះនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ក្រុមអន្តរាគមន៍ បានចុះឃាត់រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កំពត 2A – 1040 នៅត្រង់ចំណុចផ្លូវជាតិលេខ៦ ដែលឈ្មួញលួចដឹកចេញពីច្រកប៉ោយប៉ែតបម្រុងដឹកឆ្ពោះទៅរាជធានីភ្នំពេញ ។
ក្រោយពីឃាត់រថយន្តហើយ សមត្ថកិច្ចឆែកក្នុងរថយន្តបានរកឃើញប្រហិតចម្រុះដែលមានដើមកំណើតពីសាច់សត្វជាពិសេសសត្វមាន់ ចំនួន៥តោនរួចក៏បានបញ្ជូនវត្ថុតាងទាំងនេះទៅកាន់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីដោះស្រាយតាមនីតិវិធីផងដែរ ៕ ប្រាថ្នា