ប្រមុខរដ្ឋាភិបាលតួកគី ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានថ្លែងកាលពីថ្ងៃទី១១ ខែកុម្ភៈ ថា រដ្ឋាភិបាលស៊ីរី គួរតែសងសំណងយ៉ាងច្រើន ចំពោះការវាយប្រហារមកលើកងទ័ពរបស់តួកគី ដោយបានសម្លាប់កងទ័ពតួកគី ចំនួន៥នាក់ កាលពីដើមសប្ដាហ៍នេះ និង៨នាក់ កាលពីសប្ដាហ៍មុន។
កងទ័ពស៊ីរី បានបង្កើនការវាយប្រហារ ដណ្ដើមកាន់កាប់តំបន់ចុងក្រោយរបស់ក្រុមឧទ្ទាម ដោយបានសម្លាប់កងទ័ពតួកគី ចំនួន១៣នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ ប្រធានាធិបតីតួកគី ក៏បានថ្កោលទោសយ៉ាងខ្លាំង និងបានទាមទារសំណងយ៉ាងច្រើនពីរដ្ឋាភិបាលស៊ីរី បែបនេះតែម្តង។
លោក Tayyip Erdogan បានបញ្ជាក់ថា យើងនឹងឆ្លើយតបយោធាយ៉ាងខ្លាំងទៅលើស៊ីរី ជាពិសេស នៅក្នុងខេត្ត Idlib ហើយលោកនឹងប្រកាសពីគម្រោងពិស្ដារ នៅថ្ងៃទី១២ ខែកុម្ភៈ ។ ទោះជាយ៉ាងណា ភាគីស៊ីរី មិនបានឆ្លើយតបចំពោះការទាមទារសំណង ពីតួកគីនោះឡើយ ។
ប្រភពពីមន្រ្ដីការទូតតួកគី បានថ្លែងថា ការចរចាគ្នា នៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី រវាងគណៈប្រតិភូតួកគី និងរុស្ស៊ី បានបញ្ចប់ទៅ ដោយមិនមានកិច្ចព្រមព្រៀងបញ្ឈប់ការវាយប្រយុទ្ធគ្នានោះឡើយ។ រីឯទីក្រុងអង់ការ៉ា បានប្រាប់ដល់ភាគីរុស្ស៊ី ថា ការវាយប្រហារទៅលើគោលដៅនានារបស់តួកគី ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយថា តួកគីបានកម្ទេចគោលដៅជាច្រើនរបស់រដ្ឋាភិបាលស៊ីរី ដើម្បីជាការសងសឹក ក្នុងការសម្លាប់កងទ័ពតួកគី។ រីឯលោកប្រធានានាធិបតីតួកគី ក៏បានព្រមានថា តួកគីនឹងបណ្ដេញកងទ័ពរបស់របបគ្រប់គ្រង លោក បាសា អាល់អាសាដ ប្រសិនបើស៊ីរី មិនដកកងទ័ព នៅចុងខែនេះ។
ដោយឡែក វិមានក្រឹមឡាំង បានថ្លែង កាលពីថ្ងៃទី១១ ខែកុម្ភៈ ថា ការវាយប្រហារទាំងអស់ ទៅលើកងកម្លាំងរុស្ស៊ី និង ស៊ីរី នៅក្នុងខេត្ត Idlib ត្រូវតែបញ្ចប់។
ទីភ្នាក់ងារ TASS របស់រុស្ស៊ី បានផ្សាយថា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នឹងពិភាក្សាជាមួយនឹងសមភាគីតួកគី តាមទូរស័ព្ទ ស្ដីអំពីស្ថានភាព នៅក្នុងប្រទេសស៊ីរី។ ដោយឡែកប្រសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការស៊ីរី លោក James Jeffrey ក៏បានកំណត់ពេលជួបពិភាក្សាជាមួយនឹងមន្រ្ដីតួកគី នៅក្នុងទីក្រុងអង់ការ៉ា នៅថ្ងៃទី១២ ខែកុម្ភៈ ដើម្បីស្វែងរកដំណោះនយោបាយ ជុំវិញការប៉ះទង្គិចគ្នានេះផងដែរ ៕