ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ល្បែងស៊ីសងកើតមានពេញបន្ទុកនៅស្រុកអង្គរបុរី

ចែករំលែក៖

គេរាយការណ៍ថា នៅចំណុចភ្នំកន្ទេប ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ មានសង្វៀនជល់មាន់ និងវង់អាប៉ោងយូគី បានដំណើរការយ៉ាងគគ្រើងគគ្រេង ដោយ មិនមានសមត្ថកិច្ចបង្ក្រាបនោះឡើយ។ ប្រភពបន្ថែមថា ថៅកែវង់ល្បែងស៊ីសងខុស ច្បាប់ឈ្មោះ វី បានត្រូវរូ៉វជាមួយសមត្ថកិច្ចមូលដ្ឋានស្រុកអង្គរបុរី ទើបអាចដំណើរការ បានដោយរលូនដល់សព្វថ្ងៃនេះ។ ប្រជាពលរដ្ឋអះអាងថា អ្នកលេងល្បែងជល់មាន់ អាប៉ោង និងយូគី ភាគច្រើនជាពលរដ្ឋខ្មែរនៅក្នុងមូលដ្ឋាន មិនមែនពលរដ្ឋវៀតណាម ឆ្លងដែនចូលមកលេងនោះឡើយ។ អាជ្ញាធរមានសមត្ថកិច្ចស្រុកអង្គរបុរី ទាំងនគរ បាល និងកងរាជអាវុធហត្ថ ត្រូវគេអះអាងថា ទទួលលាភសក្ការពីម្ចាស់វង់ល្បែងជល់ មាន់ អាប៉ោង និងយូគីនោះ ទើបបានជាមិនបង្ក្រាប។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី បានឲ្យ​ដឹងថា ឈ្មោះ វី អាចបើកល្បែងស៊ីសងខុសច្បាប់នៅចំណុចភ្នំកន្ទេប តាំងពីអំឡុង​ពេលបុណ្យចូលឆ្នាំចិន ហើយរហូតមកដល់ពេលនេះមិនទាន់បញ្ឈប់នៅឡើយទេ។ ប្រជាពលរដ្ឋសង្ស័យថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកផ្ទោល និងអធិការនគរ​បាលស្រុកអង្គរបុរី ទទួលបានផលប្រយោជន៍យ៉ាងច្រើនពីមេល្បែងស៊ីសងឈ្មោះ វី ទើបបណ្តោយឲ្យបុគ្គលនេះធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ប្រជាពលរដ្ឋបានលើក​ឡើយថា ចាប់តាំងពីឈ្មោះ វី បើកល្បែងស៊ីសងនៅចំណុចភ្នំកន្ទេប គឺនៅក្នុង​ឃុំព្រែកផ្ទោល មានអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងយ៉ាងរាលដាលគួរឲ្យព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គម។ ប្រជាពលរដ្ឋអះអាងថា បញ្ហាអសន្តិសុខ​សង្គមបាន កើតឡើងជាបន្តបន្ទាប់ ករណីចោរលួច ចោរប្លន់ ប៉ុន្តែអាជ្ញាធរហាក់មិន ខ្វល់អំពីបញ្ហានេះឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្រោមការដឹកនាំរបស់លោក សុខ សំណាង ស្នង ការនគរបាលខេត្តតាកែវ បញ្ហាអសកម្មបានកើតឡើងជាបន្តបន្ទាប់ ជាពិសេសគេរាយ ការណ៍ថា ក្រៅពីបញ្ហាបទល្មើសដូចដែលបានឡើងខាងលើ ក៏នៅមានមន្រ្តីនគរបាល ដែលដល់អាយុចូលនិវត្តន៍មិនព្រមចូលនិវត្តន៍នោះទៀតផង។ គេរាយការណ៍ថា លោកអធិការរងស្រុកសំរោងមួយរូប ដល់អាយុចូលនិវត្តន៍៣ឆ្នាំទៅហើយ ប៉ុន្តែគាត់ មិនព្រមចូលនិវត្តន៍នោះឡើយ។ ប្រភពបន្ថែមថា មន្រ្តីនគរបាលរូបនោះ ត្រូវចូល និវត្តន៍កាលពី៣ឆ្នាំមុន ប៉ុន្តែគាត់ព្រមចូលនិវត្តន៍ ដោយចេះតែពន្យាពីមួយឆ្នាំទៅមួយ ឆ្នាំ ធ្វើឲ្យមានការរិះគន់ជាច្រើន ពីមន្រ្តីនគរបាលនៅក្នុងស្រុកសំរោង ខេត្តតាកែវ។ រីឯ បញ្ហាល្បែងសង្វៀនជល់មាន់នៅខេត្តតាកែវ ក៏ត្រូវគេអះអាងថា ស្ថិតនៅក្រោមចំណាត់ ការរបស់លោកស្នងការខេត្តនោះដែរ៕


ចែករំលែក៖