ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាមិនពេញចិត្ត​ការវាយប្រហារភេរវកម្ម​នៅទីក្រុងកាបុល

ចែករំលែក៖

ឥណ្ឌាបានថ្កោលទោស​យ៉ាងខ្លាំងក្លា​​ចំពោះការវាយប្រហារភេរវកម្ម​មួយ​នៅទីក្រុងកាបុល ប្រទេសអាហ្វហ្គានីស្ថាន​​ សម្លាប់​អាយុជីវិត​មនុស្ស​៦នាក់ និង​១២នាក់ផ្សេងទៀត​រងរបួស ​កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០​នោះ ។

ក្រសួង​កិច្ចការបរទេសឥណ្ឌា​ កាលពីព្រលប់ថ្ងៃទី១១ ខែកុម្ភៈ បានថ្លែងការណ៍​មួយច្បាប់ថា «ឥណ្ឌា​ថ្កោលទោស​បំផុត​ ទង្វើភេរវកម្ម​យង់ឃ្នង សម្លាប់​មនុស្ស​នៅព្រឹកមិញនេះ នៅពីមុខ​មហាវិទ្យាល័យ​ការពារជាតិ Marshal Fahim ក្នុងទីក្រុងកាបុល»។

ប្រភពបន្តថា «យើងសូមចូលរួម​រំលែកទុក្ខក្រៀមក្រំនេះ​ ជាមួយសាច់ញាតិជនរងគ្រោះទាំងនោះ ​ដែលបាត់បង់ជីវិត និងរងរបួស ក៏ដូច​រំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនអាហ្វហ្គានីស្ថានផងដែរ ។ យើងសូមបួងសួង​ដល់ជនរងរបួសឆាប់ជាសះស្បើយពីរបួស»។

ឥណ្ឌាបានបញ្ជាក់ទៀតថា សហគមន៍អន្តរជាតិ​ត្រូវរួបរួម​សាមគ្គីគ្នា​ប្រឆាំងតទល់ជាមួយក្រុមភេរវកម្ម និងចាប់ជនដែលប្រព្រឹត្ត​ និងអ្នកឧបត្ថម្ភ​ដល់អង្គការភេរវកម្ម​មកផ្តន្ទាទោសតាមច្បាប់ ។

ប្រព័ន្ធផ្សព្វផ្សាយ​អាហ្វហ្គានីស្ថាន​បានផ្សាយថា គ្រាប់បែកអត្តឃាតបានបំផ្ទុះឡើងសម្លាប់​មនុស្សយ៉ាងតិច​៦នាក់​ នៅជិត​សាកលវិទ្យាល័យ​យោធា​មួយមួយកន្លែង​ទីក្រុង​កាបុល ប្រទេសអាហ្វហ្គានីស្ថាន ។

ការវាយប្រហារនេះ​បានចាត់ទុកជាការវាយប្រហារទ្រង់ទ្រាយធំបំផុត​ក្នុងឆ្នាំ២០២០នេះ ៕


ចែករំលែក៖