ព័ត៌មានទាន់ហេតុការណ៍៖

ម៉ា ច័ន្ទបញ្ញា រំភើបនឹងការច្រៀងរួមគ្នាជាមួយតារាចម្រៀងថៃ ថ្វាយអង្គព្រះមហាក្សត្រទត

ចែករំលែក៖

ភ្នំពេញ ៖ តារាចម្រៀងស្រស់សង្ហារ លោក ម៉ា ច័ន្ទបញ្ញា ស្រាប់តែបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយដោយច្រៀងរួមគ្នាជាមួយតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ។ អ្វីដែលធ្វើឲ្យតារាចម្រៀងរូបនេះរំភើបខ្លាំងនោះគឺឱកាសនៃការច្រៀងថ្វាយព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី។

បាត់មុខពីការងារសិល្បៈមួយអស់រយៈពេលជាង១ឆ្នាំ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានបង្ហាញវត្តមានជាថ្មី ក្នុងព្រឹត្តិការណ៍ដ៏ធំមួយមានឈ្មោះថា The Melodies Of Friendship ដែលជាកម្មវិធីប្រគំតន្ត្រីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០នេះនៅសាលសន្និសីទចតុមុខក្រោមព្រះរាជវត្តមានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនីសម្តេចព្រះនរោត្តម សីហមុនី ។

តារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានបញ្ជាក់ថា បើទៅបីជាលោកធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិជាច្រើនក៏ពិតមែន ប៉ុន្តែពេលនេះលោកពិតជាមានអារម្មណ៍រំភើបរកអ្វីមកប្រៀបមិនបានក្រោយពីទទួលបានឱកាសដែលជាក្តីស្រមៃរបស់លោកជាយូរមកហើយ។ លោកថាក្នុងព្រឹត្តិការណ៍នេះ ជាកម្មវិធីប្រគំតន្រ្តី Jazz រួមគ្នាជាមួយតន្ត្រីករ និងសិល្បករមកពីព្រះរាជាណាចក្រថៃ។ តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀរូបនេះបញ្ជាក់ថាលោកមានបទចម្រៀង៤បទសម្រាប់ច្រៀងថ្វាយព្រះករុណាទ្រង់ទត ដែលបទទោលមាន៣បទដូចជាបទ “Monica”ជាភាសាអង់គ្លេស , បទ ព្រៃប្រសិទ្ធិ បទ កុលាបភ្នំពេញ ជាបទចម្រៀងដែលជាស្នាព្រះហត្ថព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងបទចម្រៀងច្រៀងរួមគ្នា១បទនឹងអ្នកចម្រៀងស្រីវ័យក្មេងមកពីព្រះរជាណាចក្រថៃ កញ្ញា Phatchalarwaree Damrongthamrprasert គឺបទ “ស្នេហ៍ឆ្លងវេហា”។

លោកថា បទចម្រៀងទាំងអស់លោកបានធ្វើការហ្វឹកហាត់ជាច្រើនច្រើនថ្ងៃ ពិសេសសមជាមួយក្រុមតន្ត្រីករ និងតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ។ មូលហេតុនៅពីក្រោយការជ្រើសរើសតារាចម្រៀងរូបនេះឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះត្រូវបានលោកលើកឡើងថា កន្លងមកលោកធ្លាប់មានទំនាក់ទំនងការងារនឹងស្ថានទូតនៃព្រះរាជាណាចក្រថៃ ហើយលោកក៏អាចប្រើប្រាស់ភាសាអង់គ្លេសបាន ខណៈបទច​ម្រៀងដែលជាព្រះរាជនិពន្ធសម្តេចតា ក៏លោកអាចច្រៀងបាន ខណៈដែលលោកក៏ធ្លាប់បានច្រៀងបទចម្រៀងថ្មីមួយបទថ្វាយមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនីផងដែរ ។

កញ្ញា Phatchalarwaree Damrongthamrprasert បានបង្ហាញអារម្មណ៍រំភើបក្នុងឱកាសធ្វើដំណើរមកច្រៀងលើវេទិការប្រគំតន្ត្រីលើកដំបូងនៅកម្ពុជា ហើយនាងពិតជាមានអារម្មណ៍កក់ក្តៅដែលទទួលបានការស្វាគមន៍ពីអ្នករៀបចំកម្មវិធី ហើយក៏រំភើបដែលបានចាប់ដៃគូច្រៀងរួមជាមួយលោក ម៉ា ច័ន្ទបញ្ញា​ ដើម្បីច្រៀងបទចម្រៀងថ្វាយព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី។ កញ្ញា បានសរសើរពីសមត្ថភាពច្រៀង និងភាពរួសរាយរាក់ទាក់របស់តារាចម្រៀងកម្ពុជា គឺលោក ម៉ា ច័ន្ទបញ្ញា ហើយនេះគឺជាលើកដំបូងផងដែរដែលកញ្ញា បានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងកម្ពុជា និងជាបទចម្រៀងដ៏មានប្រជាប្រិយរបស់ប្រទេសទាំងពីរ។ កញ្ញា រំពឹងថានឹងទទួលបានឱកាសជាថ្មីម្តងទៀតនាឱកាសក្រោយ៕ វឌ្ឍនា


ចែករំលែក៖