ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានសម្រេច យកទៅដូរស្លាកលេខថ្មី ស្មានតែម្ចាស់មិនស្គាល់ ប្តឹងសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូពីស្រ្តីម្នាក់បានសម្រេច ខណៈដែលនាងកំពុងតែកក់សក់ឲ្យភ្ញៀវនៅក្នុងហាង កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី នៅមុខហាងអ៊ុតសក់ ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លុះគេចខ្លួនបាត់ជាងមួយសប្ដាហ៍ ស្រាប់តែជនរងគ្រោះប្រទះឃើញជិះម៉ូតូតាមផ្លូវក៏ប្តឹងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ចាប់ក្របួចជាប់កាលពីវេលាម៉ោង១និង ៣០នាទីរសៀល ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

មន្រ្តីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចិន ឈឺន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិព្រៃត្រេះ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះឈ្មោះ អេង សុផានី ភេទ ស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៨៨ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី ជនរងគ្រោះបានទុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-5987 នៅចំណុចកើតហេតុ ដោយចាក់សោ.ក ម៉ូតូត្រឹមត្រូវ រួចចូលក្នុងហាងកក់សក់ឲ្យភ្ញៀវ ។ ស្រាប់តែមួយសន្ទុះក្រោយមកជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ពេលនោះជនរងគ្រោះឃើញស្រែកចោរៗ រួចជនសង្ស័យក៏ជិះគេចខ្លួនបាត់ទៅ ។

បន្ទាប់ពីជនសង្ស័យលួចម៉ូតូយកទៅបាត់ហើយ រូបគេបានយកម៉ូតូទៅដោះស្លាកលេខចេញនិងបោះចោលបាត់ ដោយបានយកស្លាកលេខថ្មី(កំពង់ស្ពឺ 1I-4706)មកដាក់ជំនួសវិញ ។ លុះដល់រសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១និង ៣០នាទី ជនសង្ស័យកំពុងជិះម៉ូតូម៉ាកខាងលើនៅភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក៏ត្រូវបានជនរងគ្រោះ និងប្តីឃើញរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី ៕ សណ្ដោស


ចែករំលែក៖