ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆ្លងជំងឺ​ COVID-19 នៅចិនបន្តធ្លាក់ចុះ ខណៈអ្នកស្លាប់ មានជាង​១១០០នាក់

ចែករំលែក៖

នៅក្នុងប្រទេសចិន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានរាយការណ៍​ថា មានការធ្លាក់ចុះបន្តទៀត​ចំនួន​ករណី​អ្នកជំងឺថ្មី ដែលឆ្លង​វីរុស​ ខណៈដែល​៩៧នាក់បន្ថែមទៀត​ដែលបានស្លាប់នោះ ធ្វើឲ្យចំនួនជនរងគ្រោះបាត់បង់ជីវិត​ទាំងអស់​កើនឡើង​​ ១១០០នាក់ ។ បើទោះបីប្រទេសនេះ​បាននិងកំពុង​បិទ​​​បណ្តាញចរាចរណ៍​ទ្រង់ទ្រាយធំនៅឡើយ ដើម្បីការពារឆ្លងរាលដាលនៃជំងឺនេះ ។

គណៈកម្មការសុខាភិបាលជាតិ​របស់ចិន​ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា ករណីជំងឺថ្មី មានចំនួន ២ ០១៥នាក់ គិតក្នុងរយៈពេល​២៤ម៉ោង គឺបានធ្លាក់ចុះជាលើកទីពីរ​បន្ទាប់ពីមួយថ្ងៃមុននេះ មានការធ្លាក់ចុះផងដែរ ។ នៅក្នុងប្រទេសចិន អ្នកជំងឺ​សរុបមាន ៤៤ ៦៥៣នាក់ ។ ទោះបីជាបែបនេះក៏ដោយ ក៏ក្រុមអ្នកជំនាញ​និយាយថា ចំនួន​ច្រើន​ដទៃផ្សេងទៀត​បានឆ្លង ប៉ុន្តែ​គេនៅមិនទាន់រកឃើញ​ ឬរាប់បញ្ចូល ។

អ្នកជំងឺស្លាប់​បន្ថែម​៩៧នាក់ទៀតធ្វើឲ្យអ្នកជំងឺស្លាប់កើនឡើង ១១១៣នាក់ ។

ការឈប់សម្រាកពិធីបុណ្យ​ចូលឆ្នាំប្រព្រៃណីចិន​បានបញ្ចប់​​ក្រោយការពង្រីកបន្ថែមថ្ងៃឈប់សម្រាកនោះក៏ដោយ ក៏ភាគច្រើន​ចិន​នៅបន្តបន្តបិទ​ទីតាំងអាជីវកម្ម​ ពលរដ្ឋបន្តសម្ងំនៅក្នុងផ្ទះ ខណៈដែល​មនុស្សប្រហែល​៦០លាននាក់​ស្ថិតនៅក្រោម​ការកំណត់​ឲ្យនៅដាច់ដោយឡែកពីគេឯង​។

អង្គការសុខភាពពិភពលោក WHO បានដាក់ឈ្មោះផ្លូវការ​ថា COVID-19 ជំនួសឈ្មោះ​មុនដែលហៅថា 2019-nCoV ហើយនៅខ្មែរយើង​ត្រូវបានស្គាល់ថា ជាជំងឺរលាកសួត​បង្កឡើងដោយវីរុសកូរ៉ូណាថ្មី​នោះ ។

ជំងឺនេះ​ផ្ទុះឡើងដំបូង​គេ​នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅផ្សារលក់អាហារសមុទ្រ​មួយកន្លែង​​ក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន ។

អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសថា ឈ្មោះ «COVID-19» នឹងក្លាយឈ្មោះ​ផ្លូវការ​របស់ជំងឺដ៏សម្លាប់មនុស្ស​នៅក្នុងប្រទេសចិន​​ ។ អង្គការ WHO អះអាងថា ជំងឺនេះ​ តំណាង​ឲ្យការគំរាមកំហែងដ៏ធ្ងន់ធ្ងរ​សម្រាប់ពិភពលោក ។ ប៉ុន្តែ​ មានភាពប្រកដនិយម​ថា អាច​បញ្ឈប់​ជំងឺនេះ​បាន ។

ថ្លែងទៅកាន់​អ្នកកាសែត​នៅទីក្រុងហ្សឺណែវ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា «ឥឡូវនេះ យើងមានឈ្មោះមួយ​សម្រាប់ជំងឺនោះ ហើយវាត្រូវបានហៅថា COVID-19»។

លោក Tedros បានបកស្រាយអត្ថន័យដូច្នេះថា «CO» មានន័យថា «CORONA(កូរ៉ូណា)» «VI» មានន័យថា VIRUS(វីរុស), «D» គឺជា «DISEASE»(ជំងឺ), ខណៈដែល«19» គឺជាឆ្នាំ​ គឺថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលជំងឺនេះបានឆ្លងរាលដាល​។

គួរបញ្ជាក់ថា កាលពីពេលមុននេះ អង្គការសុខភាពពិភពលោក បានដាក់ឈ្មោះបណ្តោះអាសន្នគឺ 2019-nCoV ។ ប៉ុន្តែ​ឈ្មោះផ្លូវការជំងឺនេះ ត្រូវបានផ្លាស់ប្តូរ​មកជា COVID-19 វិញជាប់ពីពេលនេះតទៅ ។

ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី COVID-19 នៅប្រទេសចិន, ប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក គិតមកដល់ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឆក់យកជីវិត​អ្នកជំងឺ​នេះ​សរុប ១ ១១២នាក់, ឆ្លង​៤៤ ៧៩៣នាក់ ។ ប៉ុន្តែអ្នកជំងឺ ៤ ៤៦៣នាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។ ជំងឺ2019-nCoV នេះ​ក្រុមជំនាញវេជ្ជសាស្ត្រ​នៅមិនទាន់​រកឃើញថ្នាំព្យាបាលជាក់លាក់នៅឡើយទេ ។​

យោងតាមការចេញផ្សាយរបស់គេហទំព័រ wikipedia បញ្ជាក់​កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ថា ជំងឺ​COVID-19នេះ ផ្ទុះឡើងដំបូងគេនៅ​ក្នុងប្រទេសចិន ហើយវាបានឆ្លងទៅលើមនុស្សសរុប ៤៤ ២៧៦នាក់, ស្លាប់ ១១១០នាក់ និង ៤៤១៣នាក់​បានចាកចេញពីមន្ទីរពេទ្យ​ ។

ក្រៅពីប្រទេសចិន ប្រទេសចំនួន​២៨ដទៃផ្សេងទៀត ជំងឺCOVID-19 នេះបានឆ្លង​ផងដែរ ។ ជាពិសេស​នាវា​ដឹកអ្នកដំណើរ​មួយគ្រឿង ដែលផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ និងបាននិងកំពុងដាក់ឲ្យស្ថិតនៅជប៉ុននោះ​ ជំងឺ2019-nCoV បានឆ្លងមនុស្សកើន​១៧៤នាក់ ។ រីឯនៅក្នុងប្រទេសជប៉ុន​វិញ​មានអ្នកជំងឺនេះសរុប​២៨ករណី ហើយចាកចេញពីមន្ទីរពេទ្យ​៤ករណី ។

ហុងកុង​មានអ្នកជំងឺCOVID-19កើនឡើង​៤៩ករណី ក្នុងនោះបាត់បង់ជីវិតម្នាក់, សិង្ហុបរី​៤៧នាក់, ចាកចេញពីមន្ទីរពេទ្យ​៩នាក់, ប្រទេសថៃ​៣៣នាក់ ចាកចេញពីមន្ទីរពេទ្យ​១០នាក់, កូរ៉េខាងត្បូង​២៨ករណី ចាកចេញពីមន្ទីរពេទ្យ​៤ករណី, ម៉ាឡេស៊ី​១៨ករណី ចាកចេញពីមន្ទីរពេទ្យ​១ករណី, តៃវ៉ាន់​១៨ករណី ចាកចេញពីមន្ទីរពេទ្យ១ករណី, អាល្លឺម៉ង់​១៦ករណី, អូស្ត្រាលី​១៥ករណី ចាកចេញពីមន្ទីរពេទ្យ​៥ករណី, វៀតណាម​១៥ករណី ចាកចេញពីមន្ទីរពេទ្យ​៦ករណី, អាមេរិក​១៣ករណី ចាកចេញពីមន្ទីរពេទ្យ​៣ករណី, បារាំង១១ករណី, ម៉ាកាវ ១០ករណី ចាកចេញពីមន្ទីរពេទ្យ១ករណី, អារ៉ាប៊ីសាអ៊ូឌីត​៨ករណី ចាកចេញពីមន្ទីរពេទ្យ​១ករណី, អង់គ្លេស​៨ករណី, កាណាដា៧ករណី, ហ្វីលីពីន​៣ករណី ក្នុងចាកចេញពីមន្ទីរពេទ្យ​២ករណី និងស្លាប់​មួយករណី, ឥណ្ឌា​៣ករណី, អ៊ីតាលី​៣ករណី, រុស្ស៊ី​៣ករណី, អេស្ប៉ាញ​២ករណី, ប៊ែលហ្ស៊ិក​១ករណី, នេប៉ាល់១ករណី, ស៊ុយអែត​១ករណី, កម្ពុជា​១ករណី​ ចាកចេញពីមន្ទីរពេទ្យ១ករណី, ហ្វាំងឡង់១ករណី ចាកចេញពីមន្ទីរពេទ្យមួយករណី និងស្រីលង្កា​១ករណី​ចាកចេញពីមន្ទីរពេទ្យមួយករណី ។

សរុប អ្នកជំងឺ​មកត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឆ្លងសរុប ៤៤ ៧៩៣នាក់, ស្លាប់​១១១២នាក់ និងចាកចេញពីមន្ទីរពេទ្យ​៤៤៦៣នាក់ ​៕

 


ចែករំលែក៖