ភ្នំពេញ៖ ហាងនំបុ័ងបាយ័នមួយកន្លែងទល់មុខផ្សារឃ្លាំងរំសេវ ត្រូវបានអគ្គិភ័យឆាបឆេះមួយដង្ហើមចង្រិត បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវនិងបុគ្គលិកនាំគ្នារត់ចែកជើងគ្នា ប៉ុន្តែសំណាងល្អត្រូវប្រជាពលរដ្ឋជិតខាងយកបំពង់ពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បាញ់ទាន់ពេលវេលា ។
ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចហាងនំបុ័ងយីហោ”បាយ័ន” ទល់មុខផ្សារឃ្លាំងរំសេវ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះហាងនំប៉័ងបាយ័ន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នាជួយធ្វើអន្តរាគមន៍ ដោយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់រហូតរលត់ទៅវិញភ្លាមៗផងដែរ ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋនាំគ្នាសង្ស័យថា អាចមកពីបុគ្គលិកហាងធ្វើការប្រហែស បណ្ដាលឲ្យធ្លាយហ្គាស ទើបបង្កការឆាបឆេះតែម្តង ប៉ុន្តែករណីនេះមិនមានការឆេះរាលដាលខ្លាំងនោះទេ គ្រាន់តែខូចខាតសម្ភារមួយចំនួនតូចប៉ុណ្ណោះ ៕ស រស្មី