ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជាប់ពាក្យរួចហើយ បែរជាគូដណ្តឹងទៅលួចទៅរៀបការជាមួយប្រុសថ្មី ខាងប្រុសប្តឹងសងជំងឺចិត្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីយោធាមានឋានន្តរសក្តិវរសេនីយ៍ឯក(ស័ក្ត្តិ៥)ម្នាក់ មានឈ្មោះ ហង្ស ពេជ្រ បានសម្រេចចិត្តដាក់ពាក្យប្តឹងគូដណ្តឹងរបស់ខ្លួនរស់នៅក្នុងភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឱ្យសងជំងឺចិត្តនិងលុយថ្លៃចូលស្តីដណ្តឹងទៅគាត់វិញ ដោយបុរសនេះអះអាងថាគាត់បានភ្ជាប់ពាក្យត្រឹមត្រូវតាមច្បាប់ មានចាស់ទុំជាសាក្សីដឹងឮរួចទៅហើយបែរជាគូដណ្តឹងរបស់គាត់ ទៅលួចរៀបការជាមួយប្រុសថ្មី នៅថ្ងៃ១៤កុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះទៅវិញ ។

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះលោក ហង្ស ពេជ្រ ដែលនៅក្នុងដៃមានទាំងកាន់រូបថតភ្ជាប់ពាក្យជាមួយគូដណ្តឹងទុកជាភស្តុតាងផង បានអះអាងឲ្យដឹងថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ លោក និងគូដណ្តឹងបានរៀបចំផ្សំផ្គុំគ្នាជាគូដណ្តឹងតាមប្រពៃណីដោយមានចាស់ទុំចូលស្តីដណ្តឹង (ភ្ជាប់ពាក្យ) នៅផ្ទះខាងស្រី យ៉ាងត្រឹមត្រូវនិងបានចំណាយលុយកាក់ជាច្រើន សម្រាប់ជូនភ្ញៀវក្នុងភូមិនេះហូបចុក ប្រៀបដូចជួយមកធ្វើសាក្សីក្នុងពិធីនេះផង ។ បន្ទាប់ពីបានភ្ជាប់ពាក្យជាគូដណ្តឹងរួចមក នាងបានទៅរស់នៅរៀនសូត្រផ្នែកអ៊ុតសក់នៅរាជធានីភ្នំពេញ ក្រោមការជួយទំនុកបម្រុងងពីរូបលោក ដោយក្នុងមួយខែ លោកជួយលុយមិនក្រោម ២០០ដុល្លានោះទេ ព្រោះយល់ថានាង ជាគូដណ្តឹងដូចប្តីប្រពន្ធទៅហើយ។

លោក ហង្ស ពេជ្របានបន្តថា ថ្ងៃមួយនាងជាគូដណ្តឹងបានសុំលោក ទៅលេងស្រុកកំណើត គាត់ក៏យល់ព្រមឲ្យទៅ តែនឹកស្មានមិនដល់ស្រាប់តែនាងទៅលួចបង្កាត់ភ្លើងស្នេហា និងលួចធ្វើសំបុត្រអាពាហ៍ពិពាហ៍ គ្រោងរៀបការជាមួយគូថ្មីនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ នៅភូមិ-ឃុំ របស់ផ្ទះខាងនាងទៅវិញ ដោយខាងស្រីអះអាងថាការភ្ជាប់ពាក្យនាពេលកន្លងមករបស់អ្នកទាំងបានត្រឹមចាត់ទុកគ្នាជាសង្សារតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះលោក ឃាន ទូច ជាមេធាវីរបស់លោក ហង្ស ពេជ្រ បានលើកឡើងតាម ផ្លូវច្បាប់ថា ជាធម្មតាការសុំច្បាប់រៀបការ អាជ្ញាធរទុករយៈពេល ១៥ថ្ងៃ ដើម្បីឲ្យភាគីពាក់ព័ន្ធដឹង ហើយរឿងនេះលោកមេធាវី ក៏បានដាក់ពាក្យមុនទៅអាជ្ញាធរដែនដីដើម្បីឃាត់និងទប់ស្កាត់ពិធីអាពាហ៍ពិពាហ៍នេះរួចហើយដែរ ។

លោកមេធាវីបានបញ្ជាក់ថា សិទ្ធិរបស់កូនក្តីលោក នៅមានតួនាទីជាគូដណ្តឹងស្មើគ្នាទៅនឹងប្តីប្រពន្ធ ដែលដឹងឮដោយចាស់ទុំពេញភូមិ មិនមែនភ្ជាប់ពាក្យនឹងគ្នាហើយ ស្មើនឹងសង្សារដូចខាងស្រី លើកឡើងនោះទេ។ លោកមេធាវីបានស្នើសុំឲ្យអាជ្ញាធរទាំងភូមិ ដល់ខេត្តត្រូវតែហាមឃាត់ពិធីរៀបការ របស់ភាគីខាងស្រីឲ្យបានដាច់ខាត ទៅតាមបណ្តឹងតាមផ្លូវច្បាប់របស់ភាគីខាងប្រុស។

ក្នុងរឿងមិនគួរឲ្យកើតមាននេះដែរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ភ្នាក់ងារព័ត៌មាននគរវត្តបានព្យាយាមទំនាក់ទំនងទៅភាគីខាងស្រី ដែលជាគូដណ្តឹងភាគីបុរស និងអាជ្ញាធរដែនដីដែលចេញច្បាប់ឲ្យភាគីខាងស្រីដើម្បីសុំការពន្យល់ដែរតែមិនមានលេខទូរស័ព្ទអាចទាក់ទងបាន ៕ ប្រាថ្នា


ចែករំលែក៖