ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះមាន២នាក់ ជាមុខសញ្ញាលួចកាច់សោ.កម៉ូតូ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ខណៈដែលប្រជាពលរដ្ឋនាំគ្នាលាន់មាត់គ្រប់គ្នាថា ពោធិ៍សែនជ័យ ល្បីរឿងឆក់ លួច ប្លន់ ស្ទើរកើតមានរាល់ថ្ងៃ ។
ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ បានធ្វើទ្បើងកាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះជួលជាន់ទី១ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
មន្រ្តីនគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ ទី១ឈ្មោះ ពុង ម៉េងលាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិត្នោត ឃុំស្រីសន្ធរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ; ទី២ ឈ្មោះ សុខ មាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជាប់គ្នា ត្រូវជាបងប្អូនជីដូនមួយ មានស្រុកកំណើតជាមួយគ្នា ;និងទី៣ ឈ្មោះ សុខ ពៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវជាប្រពន្ធរបស់ជនសង្ស័យទី២ឈ្មោះ សុខ មាន់ ។
វត្ថុតាងចាប់យកមាន៖ ឧបករណ៍កាច់សោ.កម៉ូតូ មួយចំនួន ។
មន្រ្តីដដែលបន្តថា បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះក្នុងករណីបាត់ម៉ូតូកន្លងមក ទើបកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានទៅដល់ចុះទៅចាប់ខ្លួនជនសង្ស័យ៣នាក់នេះបានតែម្តង រួចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីស្វែងរកបក្ខពួកបន្តទៀត ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕សុខា សែនជ័យ