ខេត្តព្រះសីហនុៈ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុទទួល ស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ និងបានជូនផ្កាដល់អ្នកទេសចរផងដែរ។ ទន្ទឹមនឹងនេះ ក៏មានការជួយសម្របសម្រួលដល់អ្នកដំណើរមួយចំនួនផ្ទេរតាមយន្តហោះទៅកាន់ប្រទេសរៀងៗខ្លួនរបស់ពួកគេវិញផងដែរ។
ថ្លែងដោយទឹកមុខញញឹមរីករាយ និងមោទនភាព សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យភ្ញៀវចាកចេញពីលើនាវា Westerdam ហើយអាចមកទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ និងសៀបរាមតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋានទាំងអស់មិនត្រូវមានការរើសអើងណាមួយចំពោះពួកគេនោះទេ ។ សម្តេចតេជោបានបញ្ជាក់ថា ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជាគឺកម្ពុជាមិនគិតកម្រៃវីសា និងសេវាផ្សេងៗឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសស្វាគមន៍ដល់នាវាខ្នាតយក្សរបស់អាមេរិកនេះបើចង់បន្តចតក្នុងរយៈពេល១ខែទៀតក៏បានដែរ ឬនៅពេលក្រោយបើនាវាទេសចរណ៍នេះចង់មកកម្ពុជាទៀតគឺកម្ពុជារង់ចាំទទួលស្វាគមន៍ដោយក្តីរីករាយជានិច្ច។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ភ្ញៀវទេចរទាំងអស់អាចធ្វើដំណើរដោយសប្បាយរីករាយ និងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ថ្ងៃនេះ៕