សិស្សសាលាយ៉ាងតិច១៩នាក់បានរងរបួស ខណៈសាលាបឋមសិក្សាមួយកន្លែងរងនូវគ្រាប់កាំភ្លើងធ្លាក់ចំ ពេលដែលកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមប្រយុទ្ធគ្នា នៅក្នុងរដ្ឋ រ៉ាក់ឃីន ។ នេះបើតាមអ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា ថ្លែងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។
ការប៉ះទង្គិចរវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមជនជាតិភាគតិចបានផ្ទុះឡើងជាខ្លាំងនៅក្នុងរដ្ឋរ៉ាក់ឃីន។ រដ្ឋមួយនេះអំពើហិង្សានាំឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ទីជម្រក ។ អំពើហិង្សាបានចាប់ផ្តើមក្នុងខែធ្នូ ឆ្នាំ២០១៨ ។ វាបានបង្កឲ្យមានអំពើចលាចលក្នុងតំបន់ ហើយជនម៉ូស្លីមរ៉ូហ៊ីងយ៉ាងប្រហែល ៧៣០០០០នាក់ភៀសខ្លួនពីការបង្ក្រាបរបស់យោធាកាលពីឆ្នាំ២០១៧ ។
គ្រាប់កាំភ្លើងបានធ្លាក់ចំសាលាបឋមសិក្សាមួយខ្នងនៅក្នុងភូមិ Khamwe Chaung ទីក្រុង Buthidaung កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ មន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់ប្រភពរ៉យទ័រផ្សាយថា សិស្ស១៩នាក់បានរងរបួស ។
ឯកអគ្គរដ្ឋទូតអង់គ្លេសនៅមីយ៉ាន់ម៉ាបានថ្លែងការណ៍ជំរុញឲ្យបញ្ចប់អំពើហិង្សានៅក្នុងតំបន់នេះ ស្របពេលបណ្តាញអ៊ីនធើណេតត្រូវបានបើកឲ្យដំណើរការបានដូចដើមឡើងវិញនៅក្នុងតំបន់ ។
ការប៉ះទង្គិចដែលនាំឲ្យគ្រាប់កាំភ្លើងធំធ្លាក់ចំសាលារៀននេះ គឺកើតឡើងរវាងកងកម្លាំងរដ្ឋាភិបាល ហើយនិងក្រុមឧទ្ទាម កម្លាំងអារ៉ាកាន AA (Arakan Army) ដែលកកើត និងមានមូលដ្ឋាននៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ។ ក្រុមឧទ្ទាមនេះវាយប្រហារដើម្បីដំណើមគ្រប់គ្រងស្វ័យភាពធំទូលាយពីកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា ៕