ព័ត៌មានទាន់ហេតុការណ៍៖

ចែករំលែក៖

អាមេរិកយកចិត្តអ៊ីរ៉ាក់​ ខ្លាចបណ្តេញទាហានចេញពីប្រទេសនេះ

ដើម្បីជាការលើកទឹកចិត្តដល់​​អ៊ីរ៉ាក់ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​បានសម្រេច​ផ្តលើការលើកលែងទណ្ឌកម្ម ដល់អ៊ីរ៉ាក់ ចំពោះការនាំចូលឧស្ម័នពីប្រទេសអ៊ីរ៉ង់​ ។ ការលើកលែងទណ្ឌកម្មនោះមាន រយៈពេល៤៥ថ្ងៃ ។

ក្រសួងការបរទេសអាមេរិក បានថ្លែងថា ការលើកលែងទណ្ឌកម្មនេះ ធានាថា ប្រទេសអ៊ីរ៉ាក់អាចបំពេញតម្រូវការថាមពល ក្នុងរយៈពេលដ៏ខ្លីរបស់ខ្លួន ខណៈអ៊ីរ៉ាក់ចាត់វិធានការ ដើម្បីកាត់បន្ថយការពឹង ផ្អែកទៅលើការនាំចូលថាមពលពីប្រទេសអ៊ីរ៉ង់ តែមួយគត់ ។

អាមរិក បានដាក់ទណ្ឌកម្មយ៉ាងតឹងរឹងទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីជាការដាក់គំនាបលើប្រទេសណាមួយ ដែលកំពុងធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសអ៊ីរ៉ង់ ។ រីឯការលើកលែងទណ្ឌកម្មនេះ បានកើតឡើង ចំពេលចំណងមិត្តភាព រវាងអាមេរិក និងអ៊ីរ៉ាក់ បាន​ឈាន​ដល់ដំណាក់កាលផុយស្រួយ ក្រោយពេលយន្ដហោះគ្មានមនុស្សបើកបររបស់អាមេរិក បានវាយប្រហារសម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោកឧត្ដមសេនីយ៍ Qassem Soleimani​ នៅជិតអាកាសយានដ្ឋានអន្ដរជាតិជាតិទីក្រុងបាដាដ កាលពីវេលា​រំលង​អាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា​ ឆ្នាំ២០២០ ។

មន្រ្ដីអ៊ីរ៉ាក់ បានប្រាប់អ្នករាយការណ៍ព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីគោលបំណងចង់ពង្រីកនូវការលើកលែងទណ្ឌកម្ម ដែលនឹងផុតកំណត់ នៅសប្ដាហ៍នេះ ក្នុងលក្ខ ខណ្ឌ អ៊ីរ៉ាក់​ផ្ដល់កាលបរិច្ឆេទពិស្ដារពីការកាត់ផ្ដាច់ការ​ពឹង​ផ្អែកទាំងស្រុង​ទៅលើឧស្ម័នរបស់អ៊ីរ៉ង់ ។

ប្រភពព័ត៌មានដដែល បានបន្ដថា អាមេរិកបានចេញការលើកលែងទណ្ឌកម្ម ហើយផ្ដល់លទ្ធភាព រយៈពេលយូរ ប្រសិនបើអ៊ីរ៉ាក់បានកំណត់ពេលវេលាស្នើសុំជាក់លាក់ណាមួយនោះ ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា អ៊ីរ៉ង់បានបង្ហាញខ្លួន ជាប្រភពថាមពល ដែលមិនអាចទុកចិត្តបានសម្រាប់អ៊ីរ៉ាក់ ។ ការកាត់បន្ថយការនាំចូលថាមពលរបស់អ៊ីរ៉ង់ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់អ៊ីរ៉ាក់ ដើម្បី​ទទួលបានសន្តិសុខថាមពល ។ ការលើកលែងទណ្ឌកម្មដល់អ៊ីរ៉ាក់ រយៈពេល៤៥ថ្ងៃនេះ ដើម្បីបង្ហាញពីគោលបំណងអាមេរិក កំពុងធ្វើឲ្យមានលក្ខ ខណ្ឌល្អប្រសើរ ក្នុងការបង្កើននូវការផ្គត់ផ្គង់ឧស្ម័ន នៅក្នុងស្រុក ឬស្វែងរកប្រភពថាមពល​ពីកន្លែងផ្សេង​ទៀត ហើយកាត់បន្ថយទំនុកចិត្តរបស់ប្រទេសអ៊ីរ៉ាក់ ដែលពឹងផ្អែកទៅលើអ៊ីរ៉ង់ តែមួយគត់៕


ចែករំលែក៖