ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៧០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការចុះបង្រ្កាបទីតាំងក្លឹបកម្សាន្ត FLY (ផ្លាយ) កាលពីកន្លងទៅនាពេលថ្មីៗនេះ បច្ចុប្បន្នក្រោយពីសមត្ថកិច្ចសាកសួរនិងធ្វើតេសទឹកនោមរកឃើញថា មនុស្ស៤០នាក់ (ស្រី ០៩ នាក់ )មានសារធាតុញៀន ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំ ; និងមនុស្ស២៤នាក់ (ស្រី ១៥ នាក់ ) គ្មានសារធាតុញៀន ត្រូវបានធ្វើកិច្ចសន្យា រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។ ចំណែកមនុស្ស៦នាក់ទៀត ត្រូវបញ្ជូនទៅតុលាការ បន្ទាប់ពីរកឃើញថាជាប់ពាក់ព័ន្ធករណីជួញដូរចាត់ចែង និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសមគំនិត ។
គួររំលឹកថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រ ដោយមានការដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យ សហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំងក្លឹបកម្សាន្ត FLY (ផ្លាយ) ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរ ចាត់ចែង និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសមគំនិត ឃាត់ខ្លួនមនុស្សចំនួន ៧០នាក់ ក្នុងនោះ(ស្រី ២៦ នាក់) និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យ ដើម្បីធ្វើការសាកសួរ ចាត់ការតាមនីតិវិធី ។
វត្ថុតាងចាប់យករួមមាន៖ ១; ម្សៅក្រាម ពណ៌សថ្លាចំនួន ១០១កញ្ចប់ មានទម្ងន់ ២៤,៣៥ក្រាម ចេញពណ៌ស្វាយ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ ខេតាមីន ។ ២;ថ្នាំគ្រាប់ ពណ៌ស្លែចំនួន ៣២គ្រាប់ មានទម្ងន់ ១២,០៧ក្រាម ចេញពណ៌ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ។ ៣;ថ្នាំគ្រាប់ ពណ៌ត្រួយចេកចំនួន ១០គ្រាប់ ទម្ងន់ ៤,៣៨ក្រាម ចេញពណ៌ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ។ ៤;ម្សៅម៉ដ្ឋ ពណ៌សចំនួន ៣៥កញ្ចប់ថង់តូច មានទម្ងន់ ៧,៩៦ក្រាម ចេញពណ៌ស្វាយ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ ខេតាមីន ។ ៥; ថ្នាំគ្រាប់ ពណ៌ស្លែចំនួន ១២គ្រាប់ ទម្ងន់ ៤,៥៨ក្រាម ចេញពណ៌ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ។ ៦;ថ្នាំគ្រាប់ ពណ៌ត្រួយចេកចំនួន ០៧គ្រាប់ ទម្ងន់ ២,៥៩ក្រាម ចេញពណ៌ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ។ ៧; ដប ពណ៌ខ្មៅ មានទឹក ពុំបានដកយកសំណាកមកធ្វើតេស្តទេ ។ សរុប ទម្ងន់ ៥៥,៩៣ក្រាម ( ខេតាមីន ទម្ងន់ ៣២,៣១ក្រាម , អ៊ិចស្តាស៊ី ទម្ងន់ ២៣,៦២ក្រាម ) ។ ៨; ឧបករណ៍សម្រាប់ជក់គ្រឿងញៀនម៉ាក Suprem ចំនួន ០១ ; សំបកថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។ ៩; ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ ។ ១០; ប្រាក់រៀលចំនួន ២,៤០០,០០០ រៀល (ពីរលានសែសិបម៉ឺនរៀល) ។ ១១; ប្រាក់ដុល្លារចំនួន ៧៤០ដុល្លារអាមេរិក (មួយរយចិតសិបដុល្លារអាមេរិក) ; ម៉ូនីទ័រម៉ាក ឌែល ចំនួន ០១គ្រឿង ។ ១២; CPU ម៉ាក ឌែលចំនួន ០១គ្រឿង ។ ១៣; ម៉ាស៊ីនព្រីនម៉ាក EPSON មិនដំណើការចំនួន ០១គ្រឿង ។ ១៤; ម៉ាស៊ីនព្រីនវិក័យបត្រ័មិនដំណើការចំនួន ០២គ្រឿង ។ ១៥ ; អាយកូមម៉ាក TYT ពណ៌ខ្មៅ ចំនួន ០៥គ្រឿង ។ ១៦ ;រថយន្តចំនួន ០៧គ្រឿង ។ ១៧; ម៉ូតូចំនួន ៣៤គ្រឿង ។ និង១៩; ឯកសារពាក់ពន្ធ័មួយចំនួន ។
យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៧០នាក់ខាងលើនេះ ធ្វើការសារសួរអស់រយៈពេលជាច្រើនថ្ងៃរហូតបញ្ចប់នីតិវិធី ឃើញថា មនុស្សចំនួន ៤០នាក់ (ស្រី ០៩ នាក់ ) ដែលមានសារធាតុញៀន ការិយាល័យបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំ ដើម្បីព្យាបាលស្តារនីតិសម្បទារ ។ មនុស្សចំនួន ២៤នាក់ (ស្រី ១៥ នាក់ ) គ្មានសារធាតុញៀន ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យបានធ្វើកិច្ចសន្យា អប់រំឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ។
បច្ចុប្បន្នជនសង្ស័យចំនួន ៦នាក់៖ ទី១;ឈ្មោះ រ័ត្ន ធារី ;ទី២ ឈ្មោះ នុយ ធីតា ;ទី៣ ឈ្មោះ ធិក យ៉ន ;ទី៤ឈ្មោះ ឃាង ដារ៉ា ;ទី៥ ឈ្មោះ សារិន លីថេង ;ទី៦ ឈ្មោះ យ៉ង់ សុនីន ពាក់ព័ន្ធបទល្មើស ត្រូវកម្លាំងការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ស តារា